Fan Bingbing យក​តុក្កតា​ខ្លាឃ្មុំ ដែល​គូដណ្ដឹង​ទិញឲ្យ ដាក់​លក់​នៅ​លើ​វេបសាយ «Online របស់​មួយ​ទឹក»

(ចិន)៖ តារាស្រីចិន Fan Bingbing បានសម្រេចចិត្តដាក់លក់តុក្កតាខ្លាឃ្មុំ ដែលធ្វើពីផ្កាកុលាបជាច្រើនទង នៅលើវេបសាយ Online របស់មួយទឹក ក្នុងតម្លៃប្រមាណ ៧៨០០ ដុល្លារអាមេរិក។

តុក្កតាខ្លាឃ្មុំនោះជាកាដូ ដែលតារាសម្ដែងប្រុស Li Chen ដែលជាអតីតគូដណ្ដឹង បានទិញឲ្យ Fan Bingbing កាលពីឆ្នាំ ២០១៧ ហើយត្រូវបានគេរាយការណ៍ថា ពេលនោះមានតម្លៃប្រមាណ ១៣ ០៧១ ដុល្លារអាមេរិកឯណោះ។ តារាស្រីរូបនេះ ត្រូវបានគេលើកឡើងថា ប្រហែលជានាងចង់បំភ្លេចរឿងកន្លងមក ឲ្យអស់ ទើបសម្រេចចិត្តយកតុក្កតាខ្លាឃ្មុំនោះទៅលក់ ដោយគ្មានស្ដាយអ្វីនោះ។

ទោះជាយ៉ាងណាក្ដី តាមការតាមដានដោយសារព័ត៌មាន Apple Daily បានរបស់ហុងកុង ឲ្យដឹងថា ស្របពេលដែលតុក្កតាខ្លាឃ្មុំ បានលក់នៅលើទីផ្សារអនឡាញរបស់ Fan Bingbing តុក្កាតានោះ ត្រូវបានគេកត់បញ្ចូល លក់ត្រឹមតែតម្លៃប្រមាណ ១៤២ ដុល្លារប៉ុណ្ណោះ។ វែបសាយ មិនបានបញ្ជាក់ទេថា តើនៅពេលណាតុក្កតាខ្លាឃ្មុំនោះ ត្រូវបានដាក់លក់ ឬក៏ពេលដែលវាត្រូវបានគេទិញយកទៅឡើយ ដូច្នេះមិនដឹងថា វាត្រូវគេទិញមុន ឬក្រោយការបែកគ្នានោះទេ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តារាស្រីចិន Fan Bingbing បានប្រកាសចែកផ្លូវជាមួយគូដណ្ដឹង ដែលជាតារាសម្ដែងដូចគ្នា គឺលោក Li Chen បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យរយៈពេលជិត២ឆ្នាំ៕

You might also like More from author