Kang Ji Hwan ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ

(សេអ៊ូល)៖ តារាសម្ដែងប្រុស Kang Ji Hwan ត្រូវបានប៉ូលិសចាប់ខ្លួន នៅយប់ថ្ងៃទី ០៩ ខែកក្កដា នៅឯផ្ទះរបស់លោក នៅក្នុង Gwangju ដែលត្រូវបានគេសង្ស័យពីបទបំពានផ្លូវភេទ និងរំលោភសេពសន្ថវៈ។

Kang Ji Hwan ត្រូវបានគេរាយការណ៍ថា លោកបានអញ្ជើញមិត្តភក្ដិរួមការងារស្រីៗចំនួន 0២នាក់ពីទីភ្នាក់ងារ របស់លោក ដើម្បីទទួលទានអាហារពេលល្ងាច។ ក្រោយមក នៅអំឡុងពេលដែលនារីទាំង០២ នាក់នោះ ដេកលង់លក់ Kang Ji Hwan ក៏បានចូលទៅក្នុងបន្ទប់នោះ ហើយធ្វើការរំលោភ និងបំពានរាងកាយទៅ លើនារីទាំង ០២នាក់នោះ។ Kang Ji Hwan បាននិយាយថា លោកមិនបានចាំអ្វីនោះទេ ដោយសារតែពេល នោះលោកស្រវឹង។

នៅស្ថានីយ៍ប៉ូលិស Kang Ji Hwan បាននិយាយថា «ខ្ញុំចងចាំថាបានផឹកភេសជ្ជៈ ប៉ុន្តែខ្ញុំមិនចង់ចាំពីអ្វីដែល កើតឡើងនៅពេលនោះទេ។ នៅពេលខ្ញុំដឹងខ្លួនឡើង ខ្ញុំនៅក្នុងបន្ទប់ជាមួយនារីម្នាក់ ដែលនាងកំពុងដេក»
យោងទៅតាមរបាយការណ៍ បានបញ្ជាក់ថា តារាសម្ដែងរូបនេះនៅតែស្ថិតក្នុងស្ថានភាពស្រវឹងដដែលនៅ គ្រានោះ ហើយ Kang Ji Hwan នឹងត្រូវសាកសួរម្ដងទៀត នៅថ្ងៃពុធនេះ។ ភ្នាក់ងាររបស់តារាសម្តែងវ័យ ៤២ ឆ្នាំរូបនេះ បាននិយាយថា ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ នៅពេលណាដែលពួក គេអាចបញ្ជាក់ពីអ្វីដែលបានកើតឡើង ពួកគេនឹងចេញសេចក្តីថ្លែងការណ៍។

សូមបញ្ជាក់ថា បច្ចុប្បន្ន Kang Ji Hwan កំពុងតែខ្សែថតភាពយន្តភាគរឿង «Joseon Survival» ហើយឥឡូវរឿង ដែលមាន២០ភាគនេះ ទើបតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ TVCHOSUN បាន១០ ភាគប៉ុណ្ណោះ៕

You might also like More from author