តារា​ភេទ​ទី៣ ចូចូ បង្ហោះ​សារ​លែង​ចង់​រស់ ព្រោះ​ហត់​នឿយ​នឹង​ជំងឺ​របស់​ខ្លួន ហើយ​ខ្វះ​ខាត​ថ្លៃ​ព្យាបាល

(ភ្នំពេញ)៖ តារាសម្តែងភេទទី៣ ចូចូ ដែលគ្រប់គ្នាស្គាល់ តាមរយៈការបង្ហាញខ្លួនក្នុងឈុតប្រពៃណី ក្នុងកម្មវិធីប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជាកាលពី ថ្ងៃទី០៨ កក្កដា នៅប្រាសាទព្រះសំបូរព្រៃគុគនោះ ហាក់មានទឹកមុខស្លេកស្លាំង និងមានសភាពហត់ដង្ហក់គួរឲ្យបារម្ភ។ សកម្មភាពរបស់ ចូចូ នៅថ្ងៃនោះ បានធ្វើឲ្យសិល្បកររៀបច្បងព្រួយបារម្ភជាខ្លាំង ដែលទើបតែពេលនេះ នាងទម្លាយថា ខ្លួនមានជំងីបេះដូងកើត ឡើងយូរឆ្នាំ និងគ្មានលទ្ធភាពព្យាបាលមកទល់ពេលនេះ កាន់តែឈានដល់ដំណាក់កាលពិបាកទៅៗ។ អ្វីដែលកាន់តែរន្ធត់ចិត្ត នាងបានបង្ហោះសារមុននេះ បង្ហាញថានាងអស់សង្ឃឹមលែងចង់រស់ ខណៈដែលសភាព ជម្ងឺកាន់តែធ្ងន់ធ្ងរ។

កញ្ញា ចូចូ សរសេររៀបរាប់លើបណ្តាញសង្គមយ៉ាងដូច្នេះថា «តើវាជាការពិតទេដែរយើង កើតជម្ងឺបេះដូងហើយ វាអាចរាលដាលដល់ក្បាល ឬវាអាចធ្វើឲ្យយើងឈឺពីក្បាលដល់ជើង បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ថាជម្ងឺបេះដូងវាអាចធ្វើទុកចឹងមែនទេ»។ ទេវត្ដាអើយបើពិបាក់ម្លឹងៗយកជីវិតខ្ញុំទៅតែម្ដងទៅ ខ្ញុំហត់ហើយ គ្រូពេទ្យដែលធ្លាប់មើលជំងឺខ្ញុំ គាត់លែងទទួលមើលជម្ងឺខ្ញុំហើយ គាត់ឲ្យខ្ញុំទៅមើលនៅពេទ្យរុស្សី គាត់ថាជម្ងឺខ្ញុំវាកាន់តែវិវត្តន៍ទៅមុខខ្លាំងហើយ ជម្ងឺបេះដូង គាត់ឲ្យទៅដេកនៅពេទ្យរុស្សីទៅ ព្រោះបេះដូងខ្ញុំ ធ្វើទុកខ្លាំងហើយ ពាក្យពេទ្យធ្វើឲ្យខ្ញុំបាក់ទឹកចិត្តហើយពូ តើខ្ញុំរកលុយណាទៅដេកពេទ្យទៅ»

ជាមួយនឹងខ្លឹមសារអស់សង្ឃឹមប៉ុន្មានឃ្លារខាងលើនេះ បានធ្វើឲ្យមិត្តសិល្បៈ និងទស្សនិកជន អាណិតអាសូរចំពោះតារាភេទទី៣នេះជាខ្លាំង ដោយខិតខំធ្វើការងារ បម្រើរចំណីអារម្មណ៍ទស្សនិកជន ប៉ុន្តែដល់ពេលធ្លាក់ខ្លួនឈឺ បែរជាគ្មានប្រាក់គ្រប់គ្រាន់ព្យាបាលទៅវិញ។

បើយោងតាមស្ថានភាព និងការរាប់រៀបខាងលើ តារាភេទទី៣ ដែលកំពុងមានជំងឺបេះដូង ចូចូ ត្រូវបានគ្រូពេទ្យ តម្រូវឲ្យធ្វើការវះកាត់ជាយូរមកហើយ ប៉ុន្តែដោយសារតែនាងមិនមានលទ្ធភាព ទើបបណ្ដោយឲ្យជំងឺរីករាល ដាល ឈានដល់សភាពធ្វើទុក្ខផ្សេងៗ។ ចូចូ ធ្លាប់បានបង្ហាញថា ជំងឺរបស់នាងម្ដងពេទ្យថា ដុះដុំសាច់ក្នុង ខួរក្បាល និងខ្លះថាបណ្ដាលមកពីបេះដូងរបស់នាងមានបញ្ហាទុកយូរខ្លាំងពេក ទើបបណ្ដាលឲ្យមាន អាការៈឈឺក្បាលដូចប្រកាំង និងមានសភាពដង្ហក់ខ្លាំងៗ។ តែយ៉ាងណា មកទល់នឹងពេលនេះ នាងហាក់មិនប្រាកដថាខ្លួនឈឺអ្វីពិតទេ ត្រឹមតែដឹងថាជំងឺធ្វើទុក្ខខ្លាំង និងគ្មានលទ្ធិភាពព្យាបាលផងនោះ។

ជាក់ស្តែង នៅក្នុងពិធីប្រកួតឈុតបុរាណថ្មីៗនេះ ចូចូ ត្រូវគេឃើញថា បានប្រើថ្នាំជំនួយផ្លូវដង្ហើមញឹកញាប់ ក្នុងពេលដែលនាងក៏មានសភាពស្គមស្គាំង និង ស្លេកស្លាំងគួរឲ្យបារម្ភ។ ចូចូ ប្រាប់ថា ចង់បានឱកាស ទៅព្យាបាលនៅក្នុងពេទ្យថៃ ប៉ុន្តែនាងមិនមានលទ្ធភាព។ និយាយបែបនេះ សូម្បីតែញ្ជូនទៅព្យាបាល នៅពេទ្យរុស្ស៊ី ក៏នាងមិនមានលទ្ធភាពផង កុំថា ដល់ឱកាសចេញក្រៅប្រទេស។ ដូច្នេះប្រសិនបើមានជំនួយ សប្បុរសជនមានទឹកចិត្តជួយស្រោចស្រង់ជីវិតនាង នាងនឹងចាកចេញទៅព្យាបាលភ្លាម ដោយមិនទុកជម្ងឺឲ្យកាន់តែធ្ងន់នោះទេ៕

You might also like More from author