សាលា​មធ្យម​វិចិត្រ​សិល្បៈ រៀបចំ​ការ​សម្តែង​របាំ​បុរាណ និង​តាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​បុរាណ រយៈពេល​៣ថ្ងៃពេញ ដោយ​អនុញ្ញាតិ​ឲ្យសាធារណៈ​ជន ចូល​ទស្សនា​ដោយ​សេរី

(ភ្នំពេញ)៖ ដើម្បីជាផ្នែកមួយចូលរួមការពារ និងអភិរក្សវប្បធម៌ជាតិ ព្រមទាំងដើម្បីបណ្តុះស្មារតីយុវជនជំនាន់ ក្រោយ ឲ្យស្រឡាញ់សិល្បៈបុរាណខ្មែរ សាលាមធ្យមវិចិត្រសិល្បៈ បានបង្កើតកម្មវិធីមួយដោយមានការសម្តែង នូវទស្សនីយភាព របាំ ប្រពៃណីខ្មែរជាច្រើនទម្រង់ ដែលជាការសម្តែងដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ ផ្ទាល់តែម្តង។ កម្មវិធីនេះផងដែរ គឺអនុញ្ញាតិឲ្យសាធារណៈជន ចូលទស្សនាដោយសេរី។

ជាក់ស្តែង បើតាមផេកផ្លូវការរបស់ សាលាមធ្យមវិចិត្រសិល្បៈ បានឲ្យដឹងថា កម្មវិធីនេះ មានការសម្តែងសិល្បៈ ទស្សនីយភាព របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមានតាំងពិព័រណ៍ស្នាដៃផ្នែកវិចិត្រ កម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ ថ្ងៃទី៨-៩-១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យមវិចិត្រសិល្បៈ បឹងបាយ៉ាប។

ដូច្នេះ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាអភិរក្សសិល្បៈបុរាណខ្មែរ សូមសាធារណៈជនចូលរួម ទស្សនាឲ្យបានច្រើនកុះករ។ ទីតាំងសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកាំកូ ចម្ងាយ២៤០០ម៉ែត្រ)៕

You might also like More from author