ក្រោយ​មាន​ការ​រិះគន់ ព្រះតេជគុណ តាក់ស៊ី ធ្វើ​កិច្ចសន្យា​ឈប់​សម្ដែង​ធម៌​ទេសនា​មួយ​រយៈ នៅ​ចំពោះ​មុខ​ព្រះមេគុណ​ខេត្ត​កំពង់ស្ពឺ

(ភ្នំពេញ)៖ ជាការកត់សម្គាល់មួយរយៈនេះ មហាជនមួយចំនួន បានបង្ហាញនូវការមិនពេញចិត្តជាបន្តបន្ទាប់ ចំពោះការសម្តែងធម៌ទេសនាលើកដំបូង របស់ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី (អតីតតារាកំប្លែង) ព្រោះតែប្រកាន់ថា ព្រះតេជគុណមិនគោរពច្បាប់ជាសង្ឃ ទេសនាលេងសើចហួសហេតុជាដើម។ យ៉ាងណាមិញ ក្រោយពីមានការមិនពេញចិត្ត និងឃើញមតិរិះគន់ជាច្រើន បានចាក់ស្រោចមកលើខ្លួនព្រះអង្គបែបនេះ ព្រះតេជគុណ តាក់ស៊ី ក៏បានធ្វើកិច្ចសន្យាឈប់សម្ដែងធម៌ទេសនាមួយរយៈ នៅចំពោះមុខព្រះមេគុណខេត្ត កំពង់ស្ពឺ កែវ ចន្ថា។

នៅក្នុងកិច្ចសន្យា មានខ្លឹមសារសង្ខេបយ៉ាងដូច្នេះថា «ព្រះតេជគុណ តាក់ស៊ី ឈប់ទេសនាមួយរយៈ, ឈប់សម្តែងទេសនាដែលមានកាយវិកាមិនសមជាសមណៈ ឬសំឡេងដូចអ្នកកំប្លែង រហូតដល់ព្រះតេជគុណ បួសបានយូរគួរសម និងរៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន។ ប្រសិនបើព្រះតេជគុណ តាក់ស៊ី ប្រព្រឹត្តផ្ទុយ នឹងធ្វើអំពើប្រាសចាកពីវិន័យសមណៈសង្ឃ ឬមិនធ្វើតាមកិច្ចសន្យាខាងលើ ព្រះតេជគុណ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន»

គួរជម្រាបថា កិច្ចសន្យាខាងលើ ត្រូវបានធ្វើឡើងដោយមានការទទួលស្គាល់ ចំពោះព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺផងដែរ។ តាមរយៈកិច្ចសន្យានេះ ក៏សង្ឃឹមថា ពុទ្ធបរិស័ទនឹងមានការអធ្យាស្រ័យ យោគយល់ខ្ពស់ចំពោះព្រះតេជគុណ តាក់ស៊ី ជាមិនខាន៕

You might also like More from author