តារា​សម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ចេញ​មុខ​បំភ្លឺ​ការ​ចោទ​ប្រកាន់​ថា «​លោក​មាន​ជំងឺ​តួឯក»

(ភ្នំពេញ)៖ តារាសម្ដែងកំពុងឡើងកូដស្រឺតៗ និងក៏អាចប្រឈមនូវព្យុះព័ត៌មានច្រើន លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានចេញមុខបំភ្លឺឲ្យមហាជនបានដឹងច្បាស់ បន្ទាប់ពីតារាសម្ដែងរូបនេះ បានទទួលរងមន្ទិល សង្ស័យពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈដូចគ្នាថា លោកកំពុងតែមានជំងឺតួឯក ពោលគឺពិបាកនៅក្នុងការ អញ្ជើញឲ្យចូលសម្ដែងដូចមុន ហើយទាល់តែទទួលបានតំណែងជាតួឯក ទើបលោកសម្ដែង។

ជាការពិត ក្រោយទទួលបានឱកាសសម្ដែង ក្នុងបទចម្រៀងជាច្រើន តារាសម្ដែងទម្រង់មុខកូនកាត់ លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ត្រូវគេកត់សម្គាល់ថា មានទីផ្សារគេទាក់ទងឲ្យសម្ដែងជាច្រើន ដោយមានការលើក ឡើងថា តាំងពីបានឡើងកូដ លោកកើតជំងឺតួឯក ទទួលថតតែសាច់រឿងជាតួសំខាន់ប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបានឆ្លើយតបនឹងការលើកឡើងនេះ។

តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានឆ្លើយបញ្ជាក់ថា លោកមិនដែលកើតជំងឺតួឯក ដោយប្រកាន់ជំហរ សម្ដែងតែតួឯក ឬទាល់តែតួសំខាន់ ទើបទទួលសម្ដែងនោះទេ ពោលគឺលោកសម្ដែងទាំងអស់សំខាន់ឲ្យតែ លោកមានពេល ហើយឈុតដែលទាក់ទងមកនោះ សមស្រប។ យ៉ាងណាមិញ លោកសារភាពថា សាច់រឿងដែលលោកទទួលសម្ដែង ក៏ត្រូវតែលោកពេញចិត្តដែរ ដោយសារតែលោករស់នៅ និងបម្រើការនៅ ខេត្តបាត់ដំបង បើជ្រុលជាត្រូវទៅសម្ដែង ក៏ត្រូវតែចំសាច់រឿង ដែលជួយលើកមុខលើកមាត់ជាថ្នូរនឹងការទទួល សម្ដែង។

លោកនិយាយថា «ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាល់តែតួឯកបានលេងទេ ប៉ុន្តែបើសាច់រឿងខ្លះ គាត់ឲ្យយើងដើរ តួតិចប្លង់ពេក ក៏ពិបាកទទួលថតដែរ ព្រោះខ្ញុំជាអ្នកឆ្ងាយ ត្រូវចំណាយច្រើន បើមកមួយជើងដើម្បីតែចេញមុខ មួយប្លង់ ក៏មិនអាចសម្ដែងបានដែរ»

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បន្តថា មួយរយៈចុងក្រោយ ពិតជាបានបដិសេធមិនសម្ដែង បទចម្រៀងមិនតិច បទទេ ដោយសារតែការទំនាក់ទំនងខ្លះ ទាក់ទងមកចំពេលលោកមិនអាចដកឃ្លា ពីការងារនៅធនាគារ ហើយសាច់រឿងដែលទាក់ទងមកខ្លះ ក៏ច្រើនតែជាសាច់រឿង មិនសូវស៊ីនឹងការចង់សម្ដែង។ លោកសម្ដែង អារម្មណ៍សោកស្ដាយ ដែលអត់បានទទួលសម្ដែងភាពយន្ត ដែលខាងផលិតករទាក់ទងមកទាល់តែសោះ ចាប់តាំងពីភ្ជាប់ពាក្យហើយ ដោយសារតែការសម្ដែងភាពយន្ត ត្រូវចំណាយពេលច្រើនថ្ងៃ មិនអាចឲ្យលោកសុំច្បាប់ការងារ។

លោកបន្តថា វាមិនទាក់ទងនឹងមិនបានសម្ដែងតួឯក ដូចការលើកឡើងនោះទេ។ លោកព្រលយថាការងារសិល្បៈ ទទួលតែថតបទចម្រៀងប៉ុណ្ណោះ ហើយបើបទចម្រៀងនោះ ផ្ដល់ឱកាសឲ្យលោកសម្ដែងជាតួឯក ឬជាតួសំខាន់ផង គឺទោះជាឲ្យសុំច្បាប់ការងារក៏លោកមិនស្ដាយ៕

You might also like More from author