បទ​ចម្រៀង «បើ​សិន​គ្មាន​ក្តី​ស្រមៃ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​មក​កំពង់​សោម» ជា​ភាសារ​ចិន រៀប​រាប់​ពីជីវិត​តស៊ូ​ខិត​ខំ​ធ្វើការ នៅ​ខេត្ត​ព្រះសីហនុ (Video inside)

(ព្រះសីហនុ)៖ ជាមួយនឹងការហូរចូលនៃវិនិយោគិន និងប្រជាជនចិនដែលមកធ្វើការ នៅខេត្តព្រះសីហនុនេះ ក៏មានជនជាតិចិនមួយក្រុមបាននិពន្ធ និងផលិតនូវបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា «បើសិនគ្មាន ក្តីស្រមៃ ហេតុអ្វីខ្ញុំត្រូវមកកំពង់សោម» ដែលអត្ថន័យបទចម្រៀងនេះ រៀបរាប់ពីជីវិតតស៊ូខិតខំធ្វើការ នៅខេត្តព្រះសីហនុ របស់កម្មករជនជាតិចិន។

ខ្លឹមសារបទចម្រៀងនេះ គឺបានបកស្រាយពីមូលហេតុដែលពួកគេចង់បំពេញក្តីសុបិន ទើបធ្វើឱ្យពួកគេសុខចិត្ត ឃ្លាតឆ្ងាយពីស្រុកកំណើត ដើម្បីធ្វើដំណើរមកប្រទេសកម្ពុជា ទោះបីជាហត់នឿយ និងនឹករលឹកដល់គ្រួសារ ប៉ុណ្ណាក៏សុខចិត្តទ្រាំទាំងឈឺចាប់។

ខាងក្រោមនេះជាអត្ថន័យបទចម្រៀងភាសាចិន ដែលបកប្រែជាភាសាខ្មែរ៖

* មកដល់ទីកន្លែងនេះ ទាំងមានក្តីស្រមៃយ៉ាងធំ ដែលមើលឃើញទៅដោយ «កាស៊ីណូនៃឆាកជីវិត» (ចង់សំដៅទៅលើឱកាស ដើម្បីសម្រេចគោលបំណងក្នុងឆាកជីវិត)

* ម្នាក់ៗសុទ្ធតែចង់ក្តាប់ឱកាស ដើម្បីបង្កើតភាពត្រចះត្រចង់រៀងៗខ្លួន តែមានអ្នកជោគជ័យ ក៏មានអ្នកវង្វេងទិសដៅរបស់ខ្លួនឯង។

* ខ្យល់សមុទ្របក់មកចំផ្ទៃមុខដ៏រឹងមាំរបស់ខ្ញុំ ទោះបីលំបាក ឬក៏នឿយហត់ ឬក៏ឈឺស្កាត់ ក៏ត្រូវតែទទួលរ៉ាប់រងដោយខ្លួនឯងដែរ។

* រៀងរាល់ពេលដែលស្រមៃឃើញក្រសែភ្នែកឪពុកម្តាយ ដែលទន្ទឹងរង់ចាំផ្លូវកូន ខំជូតទឹកភ្នែកឲ្យស្ងួតរួចបន្តខិតខំឆ្ពោះទៅមុខទៀត។

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម លះបង់អ្វីៗទាំងអស់ខិតខំឆ្ពោះទៅមុខទៀត ដោយភាពក្លាហាន

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម ជឿជាក់លើខ្លួនឯងថា មានកំលាំងដ៏មហិមា

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម ខិតខំតស៊ូបង្កើតភាពជោគជ័យឲ្យទាល់តែបាន

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម សូមឲ្យក្តីស្រមៃរបស់យើងទាំងអស់គ្នាចាប់ផ្តើមពីទីកន្លែងនេះ៕

You might also like More from author