អ្នករចនា​ម៉ូដ​តុក្កតា​បាប៊ី ជៀប ស៊ីបូរ៉ា វិល​ត្រឡប់​​វិញ ជាមួយ​ស្នាដៃ​ច្នៃម៉ូដ​បុរាណ សម្រាប់​តុក្កតា​បាប៊ី​ប្រុស ក្រោយ​សិក្សា​អស់​ពេល​ជិត ១០ឆ្នាំ

(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាស្គាល់ច្បាស់ នូវតុក្កតាបាប៊ីដ៏ល្បី ដែលត្រូវបានរចនាឡើង ដោយអ្នករចនាម៉ូតសម្លៀកបំពាក់បុរាណវ័យក្មេង គឺលោក ជៀប ស៊ីបូរ៉ា ខណៈដែលកន្លងមករូបលោកធ្លាប់តែ រចនាតែម៉ូដតុក្កតាបាប៊ីស្រីតែប៉ុណ្ណោះ។ ដោយឡែក ស្រាប់តែថ្មីៗនេះ លោកត្រូវបានមហាជនធ្វើការចាប់អារម្មណ៍ និងកោតសរសើរជាថ្មី ក្រោយពេលលោក បានវិលត្រឡប់មកវិញ ជាមួយការច្នៃម៉ូដម្ដងទៀត ជាមួយនឹងស្នាដៃច្នៃម៉ូតសម្លៀកបំពាក់បុរាណ សម្រាប់តុក្កតាបាប៊ីប្រុស ដើម្បីអភិរក្ស និងថែរក្សាសម្លៀកបំពាក់បុរាណខ្មែរ បន្ទាប់ពីចំណាយពេលសិក្សា និងធ្វើការងារនេះអស់រយៈពេល៩ឆ្នាំកន្លងមក។

ជាការពិត ដើម្បីសម្រេចក្ដីសុបិន អ្នករចនាម៉ូតវ័យក្មេងរូបនេះ បានចំណាយពេលផ្ទាល់ជាច្រើនឆ្នាំមកហើយ លើការច្នៃម៉ូតសម្លៀកបំពាក់ទាំងនោះ។ តែនៅមិនទាន់សម្រេចទាំងស្រុងនោះទេ ព្រោះការច្នៃម៉ូដរបស់លោកកន្លងមក ភាគច្រើនមានតែបំពាក់ឲ្យតុក្កតាបាប៊ី ដែលជាភេទស្រី ហើយនៅមិនទាន់មានជាប្រភេទតុក្កតាប្រុស នៅឡើយ។

ទោះជាយ៉ាងក៏ដោយ ក្ដីស្រមៃដែលលោកមាន គឺលោកនៅមិនទាន់បោះបងឡើយ ទោះបីកន្លងមកលោក ជៀប ស៊ីបូរ៉ា ធ្លាប់បាក់ទឹកចិត្តជាច្រើនដងក៏ពិតមែន តែលោកនៅតែធ្វើវាបន្ត រហូតដល់លោកបានសម្រេចសុបិនមួយនេះ និងបានវិលត្រឡប់មកវិញ ជាមួយស្នាដៃថ្មី ក្នុងការរចនាម៉ូដសម្លៀកបំពាក់បុរាណឲ្យតុក្កតាបាប៊ីប្រុសវិញម្ដង ដើម្បីចង់ឲ្យសម្លៀកបំពាក់តំណាងកម្ពុជា មានភាពល្បីល្បាញលើឆាកអន្តរជាតិដូចជាប្រទេសដទៃ ដោយការត្រឡប់មក ជាមួយនឹងស្នាដៃថ្មីនេះ អាចចាត់ទុកជាជោគជ័យ ដ៏ធំមួយសម្រាប់រូបលោកផងដែរ។

លោក ជៀប ស៊ីបូរ៉ា បានបញ្ជាក់ថា ការរចនាម៉ូដបុរាណឲ្យតុក្កតាប្រុស គឺកើតឡើងពីការស្រមៃ និងបានដកស្រង់ចេញពីចម្លាក់ទេវរូប និងចម្លាក់ផ្សេងៗទៀត ដើម្បីឲ្យច្នៃទៅមិនខុសទម្រង់បុរាណខ្មែរយើង។ លោកបន្ដថា មានម៉ូដខ្លះ ត្រូវបានលោកច្របាច់បញ្ចូលគ្នា ដើម្បីឲ្យមើលទៅប្លែកភ្នែក តែនៅរក្សាជាទម្រង់បុរាណដដែល។

អ្នករចនាម៉ូដសម្លៀកបំពាក់បុរាណវ័យក្មេងរូបនេះ បានសង្កត់ធ្ងន់ថា ការចនាម៉ូដសម្រាប់តុក្កតាប្រុស គឺដើម្បីចង់ឲ្យមហាជនគ្រប់គ្នាបានស្វែង យល់បន្ថែមទៀត អំពីសម្លៀកបំពាក់បុរសរបស់ខ្មែរ នាសម័យបុរាណដែលលោកជឿជាក់ថា វាជាចំណេះដឹងល្អមួយ ក្នុងការសិក្សាពីវា និងបានបញ្ឈប់ការយល់ច្រឡំលើដើមកំណើត សម្លៀកបំពាក់របស់ខ្មែរ ជាមួយនឹងបណ្តាប្រទេសជិតខាងដទៃទៀត។ លោកថា ការច្នៃម៉ូដនេះមិនមែន សម្រាប់ការប្រកួតអ្វីទាំងអស់ តែគឺដើម្បីការភិរក្ស និងថែរក្សាសម្លៀកបំពាក់បុរាណខ្មែរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក ជៀប ស៊ីបូរ៉ា បច្ចុប្បន្នមានវ័យ២៦ឆ្នាំ ត្រូវបានមហាជនស្គាល់តាមរយៈ ស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ គ្រងលើតុក្កតាបាប៊ី និងធ្លាប់ចាប់ការប្រកួតតុក្កតាបាប៊ី តំណាងឲ្យរាជធានីខេត្តទាំង២៥របស់កម្ពុជា។ អ្នករចនាម៉ូដបុរាណវ័យក្មេងរូបនេះ មានស្រុកកំណើតនៅលើទឹកដីអង្គរ ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរជាច្រើន ចំពោះស្នាដៃច្នៃម៉ូដសម្លៀកបំពាក់ ដែលប្រកបទៅដោយការច្នៃប្រឌិតខ្ពស់របស់លោក ដែលមើលទៅមានសោភ័ណ្ឌភាពស្រស់ស្អាត និងបង្ហាញពីវប្បធម៌របស់ខ្មែរពិតៗ៕

You might also like More from author