​ដើម្បីបន្ត​គម្រោងរៀបចំជំនួប គីម-ត្រាំ ជា​ប្រវត្តិសាស្ត្រ ចិន​​ ​ចេញមុខ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង និងអាមេរិក​បង្កើតបរិយាកាស​ល្អ​

- Advertisement -

(ប៉េកាំង)៖ ដោយមើលឃើញស្ថានការណ៍ ឈានទៅរកភាពផុយស្រួយវិញនោះ ប្រទេសចិនបានចេញមុខអំពាវនាវ ឲ្យប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ធ្វើការបន្ធូរបន្ថយភាពតានតឹងដែលលេចចេញជាថ្មី និងកសាងស្ថានភាពល្អឡើងវិញ ដើម្បីបន្តគម្រៀងរៀបចំជំនួបជាប្រវត្តិសាស្ត្ររវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ តាមការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានថ្លែងបញ្ជាក់ថា «ស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េកំពុងតែបោះជំហានទៅមុខ ទៅរកកិច្ចសន្ទនា និងភាពប្រសើរឡើង ជាមួយនឹងការជម្នះស្ថានភាពលំបាកៗទៅរកជ័យជម្នះ ព្រមជាមួយនិងការស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រប់ភាគី ស្របទៅតាមការរំពឹងទុករបស់អន្តរជាតិ។ ចិនសូមអំពាវនាវឲ្យកូរ៉េខាងជើង និងអាមេរិក បង្កើតស្ថានភាពប្រសើរឡើងវិញ ដើម្បីកិច្ចជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ នៅថ្ងៃអនាគត»។

គួរបញ្ជាក់ថា ស្ថានភាពហាក់ដូចជាកំពុងត្រឡប់ទៅរកភាពតានតឹងវិញ ក្រោយកូរ៉េខាងជើងព្រមានថា ខ្លួននឹងពិចារណាឡើងវិញលើការរៀបចំ ជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែលឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ព្រមជាមួយនឹងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលចាប់ផ្តើមប្រព្រឹត្តឡើង តាំងតែពីថ្ងៃទី១១ ខែឧសភា៕

You might also like More from author