លោក ហ៊ីដេហ៊ីសា អូរីណូអូឈិ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​​កម្ពុជា​​ចប់​អាណត្តិ ចូលជួប​សម្តែង​ការ​គួរសម និង​ជម្រាប​លា សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា

(ភ្នំពេញ)៖ រយៈពេល៥ខែ នៅក្នុងឆ្នាំ២០១៩នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់១.៧០០លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកជប៉ុនបាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៤៤០លានដុល្លារ។ នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលអនុញ្ញាតឱ្យ លោក ហ៉ីដេហ៉ីសា អូរីណូអូឈិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការកើនឡើងនៃការនាំចេញកម្ពុជា ទៅកាន់ប្រទេសជប៉ុននេះ គឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ លោក ហ៉ីដេហ៉ីសា ដែលនឹងចាកចេញពីកម្ពុជានៅ២សប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ បានសម្តែងនូវសេចក្ដីសោមនស្ស រីករាយយ៉ាងខ្លាំងដែលបានក្លាយជាអគ្គរដ្ឋទូតនៅកម្ពុជា។ អំឡុងបេសកកម្មការទូត៣ឆ្នាំនេះ លោកសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះ លោកបានសូមគោរពសំដែង នូវការគោរពនិងកោតសរសើរ ដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយឡែកនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុន ចំនួនតែមានទំហំទឹកប្រាក់ ប្រមាណ ១.៦០០លានដុល្លាអាមេរិក។ ក្នុងន័យនេះ សម្ដេចតេជោ បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មីរបស់លោក ទៅកាន់ប្រទេសហូឡង់ បានទទួលជោគជ័យបន្តទៀត៕

You might also like More from author