អភិបាល​ខេត្ត​ព្រះសីហនុ ជួប​ជាមួយ​ម្ចាស់​អគារ​​ស្រុត ប្រេះស្រាំ និង​ទ្រេត​នៅ​ក្រុង​ព្រះសីហនុ ក្រោយ​ជូន​ដំណឹង​ឲ្យ​ជម្លៀស​មនុស្ស​ចេញ និង​រុះរើ

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់សំណង់ចំនួន២ ក្នុងនោះ សំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់អគារស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ ដោយមានការចូលរួមពីម្ចាស់អគារ និងម្ចាស់ដី។

លោក គួច ចំរើន បានថ្លែងថា តាមមន្ត្រីបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសិក្សាវាយតម្លៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចឲ្យដំណើរការសាងសង់ និងដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវសំណង់អគារពីរខាងលើ និងបានសំណូមពរឲ្យម្ចាស់អគារទាំងពីរខាងលើ អនុវត្តតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានីភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ។

ដោយឡែកលោក MA SHUNDI ម្ចាស់សំណង់ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលមានការទ្រេតអគារ, រដ្ឋបាលខេត្ត បានចេញលិខិតជម្លៀសមនុស្សចេញ និងរុះរើសំណង់បន្ទាន់ ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងរៀបចំដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំងត្រូវរុះចេញ។

នៅក្នុងកិច្ចប្រជុំម្ចាស់សំណង់បានឯកភាពតាមសំណើររបស់រដ្ឋបាលខេត្ត ដោយយល់ព្រមរុះរើ ខណៈម្ចាស់ដីទាំងពីរក៏បានឯកភាពបន្ថែមកិច្ចសន្យាមិនគិតថ្លៃឈ្នួលរយៈពេលរុះរើ សាងសង់ឡើងវិញ តាមការស្នើសុំរបស់ម្ចាស់សំណង់។ អភិបាលខេត្តបានបញ្ជាក់ថា «ថ្មីៗនេះ រដ្ឋបាលខេត្តបានចេញលិខិតឲ្យជម្លៀសមនុស្សចេញ និងធ្វើការរុះរើសំណង់ជាបន្ទាន់»

You might also like More from author