ការ​សាង​សង់​ទំនប់​ស្ទាក់ និង​សំណង់​ចែក​ចាយ-ស្ពាន ខេត្ត​កំពង់ធំ សម្រេច​បាន​៩០%

(កំពង់ធំ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជំរុញឱ្យការសាងសង់ទំនប់ស្ទាក់ និងសំណង់ចែកចាយ-ស្ពាន នៅចំណុចឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ រួសរាន់បញ្ចប់ឱ្យទាន់ពេលវេលា ខណៈការសាងសង់សម្រេចលទ្ធផលបាន៩០% ហើយនោះ។

លោក លឹម គានហោ បានជំរុញបែបនេះ ក្នុងពេលលោកចុះបំពេញបេសកកម្ម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។

បើតាមលោករដ្ឋមន្ត្រី បានអះអាងថា ការដ្ឋានត្រូវបានចាប់ដំណើរការជាបន្ទាន់ បានយ៉ាងឆាប់រហ័ស ជាលទ្ធផលសម្រេចបានប្រមាណ ៩០% ដោយនៅសល់តែការចាក់ធ្នឹម ប៉ែកខាងលើតែប៉ុណ្ណោះ។

ជាអត្ថប្រយោជន៍ចាប់ពីពេលនេះទៅ តាមបណ្តោយស្ទឹងស្ទោង ចាប់ពីសំណង់មេ ៣០ កញ្ញា ទឹកអាចរក្សាបាន លែងជួបប្រទះនូវភាពរឹងស្ងួត ដូចមុនហើយ។ ទំនប់ស្ទាក់ និងសំណង់ចែកចាយ-ស្ពាន នៅចំណុចឃុំម្សាក្រងនេះ ត្រូវបានបង្កើតឡើង ដើម្បីធានាទឹកដល់ការស្រោចស្រព ប៉ែកខាងក្រោម ពិសេសទៅទៀត គឺប្រជាពលរដ្ឋមាន ស្ពានថ្មី ដើម្បីឆ្លងកាត់ជំនួសស្ពានឈើចាស់ ដែលមានសភាពទ្រុធទ្រោម ណាស់ទៅហើយ៕

(ប្រភព Fresh News)

You might also like More from author