ផ្ទុះហ្គាស​រថយន្ត នៅ​តាម​ផ្លូវ​លោកតាណឺយ ក្រុងសៀមរាប បណ្ដាល​ឲ្យ​ជន​បរទេស ២នាក់​រងរបួស

(សៀមរាប)៖ LPG បញ្ចូលហ្គាសរថយន្ត ២៤ម៉ោង ត្រូវភ្លើងឆេះម៉ត់មួយប៉ប្រិចភ្នែក នៅតាមបណ្តោយផ្លូវលោកតាណឺយ ខណៈកំពុងបញ្ចូលហ្គាសចេញពីឡាន បង្កឲ្យមានការកកស្ទះពេញផ្លូវ និងភ្ញាក់ផ្អើល បណ្តាលឲ្យរបួសស្រ្តីជនជាតិបរទេស២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ប៉ុន្តែពុំមានបង្កឲ្យបុគ្គលិកលក់ និងតៃកុងឡានរងរបួសឡើយ។

ហេតុការណ៍គ្រោះអកុសលនោះបានកើតឡើង នៅវេលាម៉ោង០១៖១៥នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា មុនដំបូងមានរថយន្ត១គ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះ និងបង្កជាអណ្តាតភ្លើងឡើង ចេញពីក្នុងនោះ បណ្តាលឲ្យផ្ទះអ្នកជិតខាង រងការខូចខាត បែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ រួចក៏នាំគ្នាជួយទាញទីយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឲ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នា រត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។

ភ្លាមៗកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ៕

You might also like More from author