ចាប់ជនជាតិ​ចិន​១២៧នាក់ នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត

(ព្រះសីហនុ)៖ ក្រុមសង្គមងងឹតជាជនជាតិចិន ចំនួន១២៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការតាមបង្ក្រាបបានជាបន្ដបន្ទាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) ដែលពួកគេប្រព្រឹត្តនៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានរបស់លោក សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅអាគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ស្រី០៩នាក់។ ក្នុងនោះត្រូវតាមដីកា ចំនួន៥៣នាក់ អត់ត្រូវតាមដីកា ស្រី១២នាក់។ ទីតាំងទី២៖ វីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ ស្រី០២នាក់។

យ៉ាងណាក៏ដោយ សម្រាប់ប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបន្ថែមថា បច្ចុប្បន្នកំពុងរៀបចំឯកសារដើម្បីបញ្ជូន ជនសង្ស័យទាំង១២៧នាក់នេះ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

You might also like More from author