មន្ត្រី​ចុះ​សួរ​សុខ​ទុក្ខ​ជន​បរទេស​ម្នាក់ ដែល​គ្រោះ​ថ្នាក់​ដោយ​សារផ្ទុះ​ស្ថានីយ​ហ្គាស​នៅ​ខេត្ត​សៀមរាប

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ក្រុមមន្ត្រីរបស់ខ្លួនចុះសួរសុខទុក្ខ ភ្ញៀវទេសចរបរទេសម្នាក់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាស នៅខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ។

ក្រុមមន្ត្រីក្រសួងទេសចរណ៍ខាងលើនេះ ត្រូវបានដឹកនាំដោយលោក ជា កុសល នាយកខុទ្ទកាល័យរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ Abigail ALEXANDERA ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិអាមេរិក បច្ចុប្បន្នបម្រើការងារជាគ្រូបង្រៀននៅសាលា IQ ស្ថិតក្នុងខេត្តសៀមរាប។

ក្រោយពេលជួបគ្រោះថ្នាក់នេះ កញ្ញា Abigail ALEXANDER ត្រូវភ្លើងឆេះរលាកធ្ងន់ធ្ងររហូតដល់ត្រូវបញ្ជូន មកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយបច្ចុប្បន្នជនរងគ្រោះរូបនេះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះនៅឡើយ មិនអាចអនុញ្ញាតឲ្យចូលមើលផ្ទាល់បានឡើយ, នេះបើតាមការឲ្យដឹងរបស់លោក ជា កុសល។

លោក ជា កុសល បានសម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ និងបានផ្ដាំផ្ញើនូវការ សួរសុខទុក្ខរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាជូនចំពោះគ្រួសារជនរងគ្រោះ ផងដែរ។

តាមរយៈនាយកខុទ្ទកាល័យរូបនេះ ក្រសួងទេសចរណ៍ក៏បានឧបត្ថម្ភថវិកាចំនួន ២លានរៀល និងគ្រឿង ឧបភោគ-បរិភោគមួយចំនួនទៀត ប្រគល់ដល់គ្រួសារជនរងគ្រោះខាងលើផងដែរ។

ក្រុមគ្រួសាររបស់កញ្ញា Abigail ALEXANDER ក៏បានថ្លែងអំរណគុណដល់លោករដ្ឋមន្រ្តី ថោង ខុន និងមន្ត្រីរាជ ការរបស់កម្ពុជា ចំពោះសមាណចិត្ត និងការយកចិត្តទុកដាក់នាពេលនេះ ដោយបានធ្វើឲ្យពួកគាត់មានអារម្មណ៍ កក់ក្តៅយ៉ាងខ្លាំង៕

You might also like More from author