សម្ភារ​ការិយាល័យ​ប្រមាណ ៥ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាន​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ផ្ដល់​ជូន​សាលា​ខេត្ត​ព្រះសីហនុ

(ភ្នំពេញ)៖ យ៉ាងហោចណាស់សម្ភារការិយាល័យចំនួន៥ប្រភេទ ដែលគិតជាទឹកប្រាក់បប្រមាណ៥ម៉ឺនដុល្លារ អាមេរិក ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្ដល់ជូនដល់សាលាខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់កិច្ច ការងារការិយាល័យកាន់តែឆាប់រហ័ស។

ពិធីប្រគល់សម្ភារការិយាល័យនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅស្ថានទូតចិនប្រចាំកម្ពុជា ក្រោមអធិបតេយ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ។

សម្ភារការិយាល័យទាំងនោះរួមមាន៖ ម៉ាស៊ីនថតចម្លងខ្នាតធំ ចំនួន៥គ្រឿង, កុំព្យូទ័រលើតុ ចំនួន៣០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន៣០គ្រឿង, ម៉ាស៊ីនព្រីនធឺកូល័រ ចំនួន១០គ្រឿង និងម៉ាស៊ីនព្រីនធឺ ចំនួន៣០គ្រឿង។

នៅក្នុងឱកាសនេះផងដែរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាចូលរួមសោកស្ដាយចំពោះគ្រោះទឹកជំនន់ដែលបានកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងប្រជាពលរដ្ឋ៕

You might also like More from author