អាជ្ញាធរ ចុះ​បិទ​ទីតាំង​ស្តុក​ខ្សាច់​គ្មាន​ច្បាប់ ក្នុង​ខណ្ឌ​មានជ័យ

(ភ្នំពេញ)៖ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានចុះមកបិទទីតាំងស្តុកខ្សាច់របស់ឈ្មោះ ថុង គឹមហេង ស្ថិតនៅបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណាត់ការខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតមួយជូនអភិបាលខណ្ឌមានជ័យ ឲ្យចុះបិទអាជីវកម្ម ស្តុកខ្សាច់នេះ ដោយហេតុផលថា គ្មានលិខិតអនុញ្ញាត និងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាំឲ្យប៉ះពាល់ដល់ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានណែនាំដូចតទៅ៖

*ទី១៖ ហាមមិនឲ្យរថយន្តដឹក ខ្សាច់ ដឹកដី នឹងដេប៉ូខ្សាច់ ដែលបង្កផលប៉ះពាល់លើផ្លូវ ៦០ម៉ែត្រមិនអនុញ្ញាត បន្តការដឹកទៀត ចេញជាដាច់ខាត
*ទី២៖ ពនូកខ្សាច់ដែលគេត្រូវយកចេញឲ្យទាបស្មើដី មិនឲ្យគរខ្ពស់ដូចបច្ចុប្បន្នទៀតឡើយ
*ទី៣៖ ការដ្ឋានត្រូវចាក់សោរបិទ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្រុមការងារ បានអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងឲ្យម្ចាស់ទីតាំងឈ្មោះ ថុង គឹមហេង ផ្តិតមេដៃលើសេចក្តីជូនដំណឹងទទួល ហើយម្ចាស់យល់ព្រមបញ្ឈប់តាមការណែនាំរបស់ រដ្ឋបាលខណ្ឌមានជ័យ ផងដែរ៕

You might also like More from author