ក្មេង​៥នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា ត្រូវ​រថយន្ដ​កិន​ស្លាប់ ២នាក់ នៅ​ក្រុង​ព្រះសីហនុ

(ព្រះសីហនុ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ដោយក្មេងចំនួន៥នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដធុនធំដឹកគ្រឿងចក្រ កិនស្លាប់២នាក់ យ៉ាងអណោចអធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវឯករាជ្យ ចំណុចផ្កាឈូកវិមានឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-2331 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ) ចំណែករថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ផ្លាស់ប្ដូរទិសបត់ឆ្វេងបុកម៉ូតូ១ គ្រឿងម៉ាក HONDA WAVE ពណ៌ស្លែ គ្មានផ្លាកលេខ ជិះគ្នាចំនួន៥នាក់ ស្រីម្នាក់ (ក្មេងៗទាំងអស់)។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ក្មេងប្រុស ២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ក្មេង៣នាក់ ត្រូវបានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញ យកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

You might also like More from author