អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បញ្ជាក់​ថា ក្រសួង​មិន​មាន​គោល​ការណ៍ បើក​ចំហរ​ជូន​បេក្ខជន​ដូច​ឆ្នាំ២០១៨ ទេ​ក្រោយ​មាន បេក្ខជន​ប្រឡង​បាក់​ឌុប​មួយ​ចំនួន តវ៉ា​លទ្ធផល​នៅ​ក្រសួង​អប់រំ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានបេក្ខជនប្រឡងបាក់ឌុបមួយចំនួន បាននាំគ្នាតវ៉ានៅ មុខក្រសួងអប់រំ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩។ ឆ្លើយតបនឹង ការតវ៉ានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំស្វាគមន៍ មតិរិះគន់ស្ថាបនា ហើយថាក្រសួងមិនមានគោលការណ៍ បើកចំហរជូនបេក្ខជនដូចឆ្នាំ២០១៨ ទេ។

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា មិនមានគោលការណ៍ បើកចំហរជូនបេក្ខជនដូចឆ្នាំ២០១៨ទេ។ ក្រសួងយល់ពីមនោសញ្ចេតនា របស់បេក្ខជន និងក្រុមគ្រួសារក្រោយ ពីទទួលលទ្ធផល ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិនីមួយៗ។ ជាទូទៅក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍មតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ សុក្រឹតភាព និងប្រសិទ្ធភាព នៃគ្រប់ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការណ៍របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារកំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។ ដូច៥ឆ្នាំកន្លងមក ក្រសួងក៏បានទទួល កិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា»

សូមជម្រាបថា ក្រសួងអប់រំនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៩ទើបប្រកាសលទ្ធការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕

You might also like More from author