បង្រ្កាប​ទីតាំង​ភ្នាល់​មាន់​តាម​អន​ឡាញ នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដក​ហូត​ម៉ូតូ​ ២៧គ្រឿង និង​វត្ថុតាង​មួយ​ចំនួន​ទៀត

(រតនគិរី)៖ ទីតាំងភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបហើយកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរី បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូគ្រប់ម៉ាក ចំនួន ២៧គ្រឿង, ទូរទស្សន៍ LED ចំនួន ៣គ្រឿង, ម៉ាស៊ីកត់ឆ្នោត ១គ្រឿង និងក្តារកត់កន្ទុយលេខ២ ព្រមទាំង បាននាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។

លោកនាយការិយាល័យកំរិតស្រាលរូបនេះ បន្តថា ម្ចាស់ទីតាំងភ្នាល់ជល់មាន់តាមអនឡាញមាន ឈ្មោះ ប៊ូយ ធីង៉ុកហា ជាជនជាតិវៀតណាម។ កន្លងមកសមត្ថកិច្ច បានចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាច្រើន លើកច្រើនសាររួចមកហើយ តែម្ចាស់ទីតាំងខាងលើនេះ មិនគោរពតាមទើបឈានដល់ការបង្រ្កាបនាថ្ងៃនេះ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងអ្នកពាក់ព័ន្ធ និងល្បែងខាងលើបញ្ជូនទៅសាលាដំបូង ខេត្តរតនគិរីចាត់ការតាមនីតិវិធីច្បាប់៕

(ប្រភប Fresh News)

You might also like More from author