សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា លើក​ឡើង​​ថា ៖ព្រឹទ្ធាចារ្យ ប៊ូ ថង បាន​ខិត​ខំ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង របស់​បង​ប្អូន​ជន​ជាតិ​ភាគ​តិច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាង សកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ព្រឹទ្ធាចារ្យ ប៊ូ ថង បានខិតខំលើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង របស់បងប្អូនជនជាតិភាគតិច ហើយបាន ចូលរួមប្រែក្លាយតំបន់ភូមិភាគឦសាន ឲ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងបានបន្សល់ទុកនូវ ស្នាដៃជាច្រើនក្នុង ការបម្រើស្ថាប័នព្រឹទ្ធសភា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានទទួលមរណភាព នៅវេលាម៉ោង ១៖២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨២ឆ្នាំ៕

You might also like More from author