បញ្ហាបំណុល​របស់​ក្រុមហ៊ុន KrisEnergy មិន​រាំងស្ទះ​ដល់​ដំណើរការ ឈាន​ទៅ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​របស់​កម្ពុជា​នោះ​ទេ

(ភ្នំពេញ)៖ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា បញ្ហាបំណុលរបស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួល បានសិទ្ធិវិនិយោគ លើការបូមប្រេងកាតប្លុក A របស់កម្ពុជា នឹងមិនប៉ះពាល់ ឬរាំងស្ទះដល់ដំណើរការឈានទៅដល់ការចាប់ផ្តើមផលិតកម្មប្រេងឆៅ របស់កម្ពុជានោះឡើយ។

ការចេញបញ្ជាក់យ៉ាងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល រូបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ត្រូវបានយាយីដោយបញ្ហាបំណូលជិត ៥០០លានដុល្លារ ជាមួយក្រុមហ៊ុន Keppel Corporation រហូតឈានដល់ឡើងតុលាការជាន់ខ្ពស់សង្ហិបុរី។

លោក ម៉េង សក្តិធារ៉ា បានបញ្ជាក់ យ៉ាងដូច្នេះថា «បញ្ហាកំណែទម្រង់បំណុលហិរញ្ញប្បទានរបស់ KrisEnergy នឹងមិនប៉ះពាល់ ឬ រាំងស្ទះដល់ការឈាន ទៅចាប់ផ្តើមផលិតកម្មប្រេងឆៅរបស់កម្ពុជាទេ។ យើងមានការបារម្ភខ្លះៗ ពីកត្តាអាកាសធាតុ ដែលអាចបង្កឧបសគ្គខ្លះដល់សុវត្ថិភាព និងដំណើរការសាងសង់ស្ថានីយអណ្តូងប្រេង។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការអនុវត្តគម្រោង នៅតែមានវឌ្ឍនភាពទៅមុខជាធម្មតា តាមផែនការគ្រោងទុក ពុំមានការរាំងស្ទះគួរកត់សំគាល់ទេ»

ក្រុមហ៊ុនថាមពលសិង្ហបុរី KrisEnergy នឹងទទួលបានកិច្ចការពារ រយៈពេលបីខែរបស់តុលាការ ពីការចាត់វិធានាការតាមផ្លូវច្បាប់ពីម្ចាស់បំណុល ខណៈខ្លួនកំពុងដោះស្រាយសងបំណុលជាង ៤៧៦.៨លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសវនាការមួយកាលពីថ្ងៃចន្ទកន្លងទៅ តុលាការជាន់ខ្ពស់សិង្ហបុរី បានផ្ដល់ការពន្យារពេល រយៈពេល៣ខែ ដល់ក្រុមហ៊ុន KrisEnergy ពោល គឺរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីដោះស្រាយបញ្ហាបំណុល។ ចំណែកឯ ក្រុមហ៊ុន Keppel Corporation ដែលជាម្ចាស់បំណុល និងជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន KrisEnergy ក៏បានគាំទ្រការសម្រេចចិត្តនេះដែរ។

គួរបញ្ជាក់ថា KrisEnergy គឺជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុនុមួយនេះក៏កំពុងអភិវឌ្ឍតំបន់ Block A នៃទីតាំងប្រេង Apsara របស់ប្រទេសកម្ពុជា៕
(ប្រភព Fresh News)

You might also like More from author