អភិបាល​ខេត្ត​ត្បូងឃ្មុំ នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ រង​គ្រោះ​ដោយ​ទឹក​ជំនន់​៥០០​គ្រួសារ និង​ប្រគេន​ថវិកា​៨​លានរៀល ដល់​វត្ត​ត្រពាំង​សង្កែ

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមខេត្ត និងលោកស្រី ដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរស្រុក សាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យមើលស្ថានភាព ការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋ៥០០គ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅបរិវេណវត្តថ្មពេជ្រ ក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។ ប្រជាពលរដ្ឋប្រមាណ ១,០០០គ្រួសារហើយ ដែលលោកចុះទៅចែកអំណោយជូន។

ក្នុងកាសនោះ លោក ជាម ច័ន្ទសោភ័ណ សំណេះសំណាលផ្តល់ភាពកក់ក្តៅ និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសុខទុក្ខបងប្អូន។

លោកអភិបាលខេត្ត និងលោកស្រី បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិកាផ្ទាល់ខ្លួន ដល់ប្រជា ការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួម លើការងារមនុស្សធម៌នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាជំរុញ ការងារចុះជួយ រក្សាសុខរួមទុក្ខជូនពលរដ្ឋ កាន់ផុសផុលបន្ថែមទៀត។

បើតាមលោក លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា គ្រួសារទាំង៥០០គ្រួសារ មកពី ឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនផងដែរ។

នៅថ្ងៃដដែលនេះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមជាមួយមន្ត្រីរាជការជុំវិញខេត្ត ក៏បានបន្តទៅ ចូលរួមកាន់បិណ្ឌវេណទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តសាមគ្គីឧត្តមប្រឹក្សា ហៅវត្តត្រពាំងសង្កែ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដោយបានប្រគេនគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការចំនួន៨លានរៀល សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ជាការចូលរួមបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

(ប្រភព Fresh News)

You might also like More from author