សាកល​វិទ្យាល័យ «ន័រតុន» តាំង​ពិព័រណ៍​ស្នាដៃ​និស្សិត ក្នុង​ន័យ​លើក​ទឹកចិត្ត​ដល់​និស្សិត​មាន​ឱកាស បង្ហាញ​ទេព្យកោសល្យ

(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុនរៀបចំពិធី «តាំងពិព័រណ៍ស្នាដៃនិស្សិត» ប្រចាំឆ្នាំ២០១៩ ដើម្បីលើកទឹកចិត្តដល់និស្សិតមានឱកាសបង្ហាញស្នាដៃ និងទេព្យកោសល្យ ទៅតាមជំនាញរបស់ខ្លួន ដែលនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ។

ពិធី «តាំងពិព័រណ៍ស្នាដៃនិស្សិត» ប្រចាំឆ្នាំ២០១៩ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលមានការចូលរួមពីលោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ចាន់ សុខឃាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន រួមនិងសាស្រ្តចារ្យ និងនិស្សិតសាកលវិទ្យាល័យន័រតុន ហើយក្នុងនោះ ក៏មានការចូលរួមពីសិស្សមកពីបណ្តាវិទ្យាល័យផ្សេងៗគ្នាជាច្រើនទៀត។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក យ៉ក់ ង៉ុយ បានថ្លែងចំពោះមុខនិស្សិត និងសិស្សដែលមកតាមបណ្តាវិទ្យាល័យផ្សេងៗគ្នា ជាង២០០នាក់ ថា ការរៀបចំ «ពិធីតាំងពិព័រណ៍ស្នាដៃនិស្សិត» នៅតាមបណ្តាសាកលវិទ្យាល័យ ជាពិសេសនៅសាកលវិទ្យាល័យន័រតុន គឺជាសកម្មភាពមួយដែលដុសខាត់សមត្ថភាពរបស់ពួកគាត់ ក្នុងការបង្កើនចំណេះដឹងបន្ថែមទៀត។

លោកបន្ថែមទៀតថា «នេះក៏ជាឱកាសសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីទទួលព័ត៌មាន និងចំណេះដឹងបន្ថែម ជាពិសេសគឺជាតម្រង់ទិសមួយ ដែលជំនួយដល់ការសម្រេចចិត្តជ្រើសរើស ជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ប្អូនៗ សិស្សានុសិស្សដែលចង់សាងអនាគតប្រកបដោយភាពជោគជ័យ និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន»

ជាមួយគ្នានេះ លោក ចាន់ សុខឃាង បានឲ្យដឹងថា «ការសិក្សាក្នុងសាលា និងការប្រឡងមិនគ្រប់គ្រាន់នោះទេ បើមិនមានការអនុវត្តន៍។ និស្សិតក៏បានប្រើប្រាស់ពេលវេលាស្វែងយល់ពីការធ្វើការងារជាក្រុមដែរ។ សកម្មភាពទាំងនេះចាត់ទុកជាជួយឲ្យបន្ថែមតម្លៃក្នុងពេលសម្រាករបស់និស្សិត ជាជាងការចំណាយពេលវេលា ដោយគ្មានប្រយោជន៍»

លោកបន្តថា «ជារៀងរាល់ឆ្នាំ ឆ្លៀតពេលវិស្សមកាល ដើម្បីឲ្យនិស្សិតបានអនុវត្តនៃមេរៀន ដែលបានសិក្សារួចហើយនោះ សាកលវិទ្យាល័យន័រតុនតែងតែរៀបចំ «ពិព័រណ៍ស្នាដៃនិស្សិត» នេះឡើង ហើយក៏ជាការលើកទឹកចិត្តដល់និស្សិតដែលចង់មានឱកាសបង្ហាញនូវស្នាដៃ និងទេពកោសល្យតាមជំនាញរបស់ខ្លួនដែរ»

លោកបន្ថែមទៀតថា អស់រយៈពេលជាង២ទសវត្សន៍មកនេះ ធនធានមនុស្សនៅ ន័រតុនបានរីករាលដុះដាលស្ទើរគ្រប់ទិសទី និងគ្រប់វិស័យនៅកម្ពុជា។ សមិទ្ធផលទាំងនេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្នា ជាពិសេសរបស់និស្សិតខ្លួនឯងតែម្តង។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលតែងតែគាំទ្រ និងជ្រោមជ្រែងផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន សាកលវិទ្យាល័យន័រតុន មានការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ស្ទើរគ្រប់ជំនាញ។ សម្រាប់វិស័យវិទ្យាសាស្រ្ត យើងមានជំនាញស្ថាបត្យកម្ម, កុំព្យូទ័រ, អគ្គិសនី និងសំណង់ស៊ីវិល។ ក្នុងជំនាញវិទ្យាសាស្ត្រសង្គមមានដូចជា ពាណិជ្ជសាស្ត្រ, វិទ្យាសាស្ត្រសេដ្ឋកិច្ច, ច្បាប់ និងទេសចរណ៍។ សម្រាប់ជំនាញទំនាក់ទំនង និងបង្រៀន គឺស្ថិតនៅក្នុងផ្នែកភាសាអង់គ្លេស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ន័រតុន ក៏បានទទួលការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតមហាវិទ្យាល័យថ្មីមួយទៀត គឺមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៕

You might also like More from author