ឃាត់​ខ្លួន​ជន​ជាតិ​ចិន ៦នាក់ នៅ​ក្រុង​ព្រះសីហនុ ក្រោយ​ប្លន់​ជន​ជាតិ​ចិន​ដូច​គ្នា នៅ​ក្នុង​ខារ៉ាអូខេ «បុកឃីង ហូម ផាលីស»

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន មួយក្រុមមានគ្នាចំនួន ៦នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់បុគ្គលិកជាជនជាតិចិនដូចគ្នាបានសម្រេច នៅក្នុងខារ៉ាអូខេ យីហោ «បុកឃីង ហូម ផាលីស» ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់កណ្តាលអាធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឱ្យដឹងថា កាលពី កណ្តាលអាធ្រាត្រ មានការផ្អើលដោយមានជនជាតិ ចិនមួយក្រុមមានជិត ១០នាក់ បានចូលមកកន្លែង ទទួលភ្ញៀវ ហើយបានធ្វើសកម្មភាពវាយជនជាតិចិន ឈ្មោះ LONG HUAYOU ភេទប្រុស កាន់លិខិតឆ្លងដែន EE២២៩៣១៣៨ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ នៅក្នុងហាងកន្លែងកើតហេតុខាងលើ រួចប្លន់យកលុយពីជន រងគ្រោះចំនួន២.០០០ដុល្លារ រួចគេចខ្លួនបាត់តាមរថយន្តម៉ាកលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-7888។

មន្ត្រីអាវុធហត្ថខេត្តរូបនោះបានបញ្ជាក់ថា ក្រោយពីជនជាតិចិនមួយក្រុមមានបក្ខពួក ០៦នាក់ ធ្វើសកម្មភាពវាយ ប្លន់យកប្រាក់ពីហាងខារ៉ាអូខេឈ្មោះ «បុកឃីង ហូម ផាលីស» ខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៦នាក់ រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុង ធ្វើការ សាកសួរស្រាវជ្រាវតាមនីតិវិធីច្បាប់៕

(ប្រភព Fresh News)

You might also like More from author