លោក ឃួង ស្រេង ណែនាំ​ឲ្យ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​​ខណ្ឌសង្កាត់ ត្រូវ​ពង្រឹង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​​នៅ​​តាម​វត្តអារាម​ទូទាំង​រាជធានី​ភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ជាបិណ្ឌវេនទី៧, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារ និងមន្ត្រីរាជការសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បានអញ្ជើញប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្របង្សកូល វេរភត្តាហារប្រគេនព្រះសង្ឃ នៅវត្តនិគ្រោធវន័ ហៅវត្តគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ទៅតាមគន្លងប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា។ នេះជាវត្តទី២ ហើយដែលលោកអភិបាល និងលោកស្រី បានទៅកាន់បិណ្ឌបន្ទាប់ពីវត្តលង្ការព្រះកុសុមារាម ក្នុងខណ្ឌបឹងកេងកង។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យកម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរដែនដីគ្រប់ខណ្ឌសង្កាត់ ត្រូវពង្រឹងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់នៅគ្រប់វត្តអារាមទូទាំង រាជធានីភ្នំពេញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើបុណ្យទានដោយស្ងប់អារម្មណ៍ មិនមានការភ័យខ្លាចព្រមទាំងការរៀបចំសំរួលចរាចរណ៍ តាមដងផ្លូវនានាជូនប្រជាពលរដ្ឋធ្វើដំណើរ ឲ្យងាយស្រួលផងដែរ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ ក៏ត្រូវរំលឹកដល់ប្រជាពលរដ្ឋកុំឲ្យធ្វេសប្រហែសពីគ្រោះអគ្គិភ័យ និងការពារផ្ទះសម្បែងរបស់បងប្អូន។

ចំពោះទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃរបស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ សាដក, មី, ទឹកសុទ្ធ, ទឹកក្រូច, អង្ករ ស្ករស, ផ្លែឈើ, ត្រីខកំប៉ុង, ទឹកដោះគោខាប់, ក្រណាត់ស, បច្ច័យសំរាប់ប្រគេនព្រះសង្ឃ តាជី ដូនជី សីលវា និងកូនសិស្សលោកផងដែរ៕

You might also like More from author