មន្ត្រីសុខាភិបាល ចុះ​ពិនិត្យ​រក​មូលហេតុ ដែល​នាំ​ឲ្យ​មនុស្ស​ជាង ២០នាក់ ពុល​អាហារ នៅ​ខារ៉ាអូខេ​មួយ​នា​​ក្រុង​បាវិត

(ស្វាយរៀង)៖ មន្ត្រីសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ បានចុះពិនិត្យស្ថានភាពជាក់ស្តែង អ្នកជំង្ងឺដែលពុលអាហារនៅ KTV «ហ្វាងថាងលាំងហ្វាន់ស័រ» នៅគ្លីនិកមួយកន្លែង នៅក្រុងបាវិត ប៉ុន្តែការងារនេះបានបរាជ័យទៅវិញ ដោយសារតែអាជ្ញាធរក្រុងបាវិត មិនសហការ និងឆ្លើយបន្តាក់គ្នាដូចខ្ចងចំណែកខាង KTV វិញថា មិនទាន់ដល់ម៉ោងចូលធ្វើការ ហើយក៏គ្មានអ្នកបកប្រែផងដែរ។

ក្រុមគ្រូពេទ្យដែលមកពិនិត្យអំពីករណីពុលអាហារនៅ KTV បានថ្លែងឲ្យដឹងថា ការចុះមកពិនិត្យរកមូលហេតុ ដែលនាំឲ្យពុលអាហារនៅ KTV ជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាវិត មិនបានទទួលលទ្ធផលនោះទេ ដោយគ្មានអ្នកចូលរួម ទើបមន្ត្រីបានដកថយទៅវិញរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ។

ទោះបីយ៉ាងណាប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាវិត មិនសូវសហការជាមួយមន្ត្រីជំនាញនោះទេ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៖៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ ហ្វាងថាងល៊ំាងហ្វាន់ស័រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីពុលមីបណ្តាឲ្យមនុស្សប្រុសស្រីរួមជាមួយជនជាតិចិន ២៤នាក់ បានក្អួត ចង្អោរ និងរាករុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកមួយកន្លែងនៅក្រុងបាវិត៕
(ប្រភព Fresh News)

You might also like More from author