លោក ភិរម្យ វិចិត្រដារ៉ា កែ​ប្រែ​វាសនា​​របស់​ខ្លួន ពី​អ្នក​កំសត់​ម្នាក់ ក្លាយ​ជា «ឧកញ៉ា»!

(ភ្នំពេញ)៖ លោក ភិរម្យ វិចិត្រដារ៉ា ដែលបានផ្តើមពីជីវិតជាអ្នករត់ម៉ូតូឌុបម្នាក់ បានកែប្រែវាសនារបស់ខ្លួន ស្ទើរមិននឹកស្មានដល់ គឺទទួលបានងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រខ្មែរ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបាន ចូលរួមបរិច្ចាគ ធនធានផ្ទាល់ខ្លួនជាច្រើន ជួយដល់សង្គមជាតិ។ លោក ភិរម្យ វិចិត្រដារ៉ា បានលះបង់ កំលាំងកាយ កំលាំងចិត្ត ជំនះរាល់ឧបសគ្គទាំងឡាយ មាននៅចំពោះមុខរហូតមកដល់ពេលនេះ បានក្លាយខ្លួន ជាអគ្គនាយកក្រុមហ៊ុនវិនិយោគមួយ ដោយផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វ ថ្ងៃនេះ។ ថ្មីៗនេះលោក ទើបតែត្រូវបានព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៩ នេះ។

លោក ភិរម្យ វិចិត្រដារ៉ា បាននិយាយរំឭកទាំងអារម្មណ៍ក្ដុលក្ដួលថា ជីវិតរបស់លោកទម្រាំមានថ្ងៃនេះ (ក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន) លោកបានជួបឧបសគ្គជាច្រើនទាំងភាពជោគជ័យ និងបរាជ័យ កក្តាទាំងនេះ ហើយបានធ្វើឲ្យលោក ចេះអភិវឌ្ឍន៍ខ្លួនតាមរយៈការមើលសៀវភៅ គួបផ្សំ និងបទពិសោធន៍ដែលខ្លួនមានស្រាប់ ធ្វើឲ្យការងារមុខរបរសព្វថ្ងៃ មានភាពរលូនទៅមុខជានិច្ច។ អ្វីៗដែលកើតឡើង ហើយយើងទទួលបានជោគជ័យ ដល់ថ្ងៃនេះ គឺកើតចេញពីកំលាំងញើសឈាម ខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាព លំបាកក្រខ្សត់នៃជីវិត។ បើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅ និងបំណងរបស់ខ្លួនបានឡើយ យើងមិនអាចអង្គុយឈឺចាប់ នូវអ្វីៗដែលកំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ។

លោកប្រាប់បន្តថា ផ្ដើមចេញពីជីវិតជាអ្នករត់ម៉ូតូឌុប ដឹកភ្ញៀវនៅព្រលានយន្តហោះ ខេត្តសៀមរាបបានមួយឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០០៥ ក៏ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើង នៅកន្លែងលក់គ្រឿងបរិក្ខាពេទ្យ មួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេលមួយឆ្នាំជីវិតជាអ្នករត់ម៉ូតូឌុប មិនអាចធ្វើឲ្យជីវភាពរស់នៅ ប្រចាំថ្ងៃល្អប្រសើរបានឡើយ។ ម្យ៉ាងទៀត ជាអ្នកនៅទីក្រុងភ្នំពេញផង មិនអាចសម្របខ្លួនទៅតាមអ្វីៗ បានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅខេត្តសៀមរាប មិនទាន់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ។

លោក វិចិត្រដារ៉ា បានបញ្ជាក់ថា ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗ នៅក្នុងសង្គម បានធ្វើឲ្យលោកមានឱកាសបើកមុខរបរជំនួញ មានលុយផ្ទាល់ខ្លួនតែ៤០០ដុល្លារអាមេរិក និងខ្ចីគេបន្ថែមបាន មួយចំនួនទៀត ដើម្បីបើកអាជីវកម្មខ្លួនឯង ដោយមានទំនាក់ទំនងល្អជាមួយជនជាតិចិន ពេលនោះហើយ បានធ្វើឲ្យលោកមានឱកាសទៅទិញគ្រឿងសម្ភារៈ បរិក្ខាពេទ្យធ្មេញពីប្រទេសចិន មកលក់ឲ្យអតិថិជននៅ រាជធានីភ្នំពេញ។

ចាប់ពេលនោះមក ធ្វើឲ្យមុខជំនួញរបស់លោក មានដំណើរការទៅមុខជានិច្ច រហូតមានលុយអាចបង្កើត ក្រុមហ៊ុនមួយឈ្មោះ ECC Reality ផ្តោតលើវិស័យអចលនទ្រព្យ វិនិយោគដីលំនៅដ្ឋាន។ ផ្តើមចេញរកស៊ី លើកដំបូង បានជួបការបរាជ័យពេលនោះហើយជីវិតរបស់លោក បាត់បង់កិតិ្តយស មនុស្សដែលគេធ្លាប់ ឲ្យតម្លៃគេលែងឲ្យតម្លៃ មានការមើលងាយពីមនុស្សនៅជុំវិញខ្លួន គេលែងរាប់អាន គេលែងមើលមុខ ពេលនោះហើយធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់ ហើយធ្វើឲ្យលោកសម្រេចចិត្ត បើកអាជីវកម្មខ្លួនឯង ដើម្បីធ្វើម្ចាស់ការខ្លួនឯង ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើក ធ្វើអាជីវកម្មខ្លួនឯង។ ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យលោកហ៊ានផ្លាស់ប្តូរពីអ្នក ធ្វើការស៊ីប្រាក់ខែគេ ងាកមកបើកជំនួញវិញម្តង ខណៈមនុស្សមួយចំនួនមិនហ៊ានប្រថុយ ដោយខ្លួនឯងមាន លុយតែ៤០០ដុល្លារតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក ភិរម្យ វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ។ លោកកំព្រាឪពុកតាំងពីអាយុ មួយខួបកន្លះ ដែលមានម្តាយប្រកបមុខរបរលក់អុស។ លោក ភិរម្យ វិចិត្រដារ៉ា បានរៀបការជាមួយនារីឈ្មោះ នង ស្រីពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២។ លោកមានបងប្អូន ៣នាក់ស្រី២នាក់ លោកជាកូនទី២ក្នុងគ្រួសារចំពោះការសិក្សា លោកភិរម្យ វិចិត្រដារ៉ា បានចូលសិក្សានៅសាលា បឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានបន្តថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល៕

You might also like More from author