ក្រុមចោរ​២នាក់ ចូល​គាស់​ទូរដែក​ក្នុង​រោងចក្រ​តម្បាញ «មួនតៃ» ក្រុង​តាខ្មៅ យក​លុយ​អស់​ជាង​៥​ម៉ឺនដុល្លារ

(កណ្ដាល)៖ ក្រុមចោរ១ក្រុម មានគ្នា២នាក់ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានធ្វើសកម្មភាពគាស់ទូរ ដែករោងចក្រតម្បាញ «មួនតៃ» ស្ថិតនៅចំណុច ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយលួចលុយក្រុមហ៊ុនអស់ជាង៥ម៉ឺនដុល្លារ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលជាតំណាងរោងចក្រ និងខាងគណនេយ្យ បានទុកទូរដែក នៅក្នុងបន្ទប់ហើយ បានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ។ លុះដល់វេលាម៉ោង ០៥៖០៩នាទី ពេលដែលឈ្មោះ យូ រ៉ាន់ ជាបុគ្គលិកផ្នែកបើកបរចូលទៅស្កែនមេដៃ ដើម្បីបើកឡានដឹកភ្ញៀវ របស់រោងចក្រ ស្រាប់តែឃើញទូរដែកដែលទុកនៅក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យយកចេញមកគាស់ នៅមុខបន្ទប់។

គាត់ក៏បានដើរទៅហៅជនជាតិចិន ដែលស្នាក់នៅខាងក្រោយអគាររោងចក្រឱ្យមកមើល និងបានរាយការណ៍ ជូនសមត្ថកិច្ចចុះ ទៅពិនិត្យឆែកមើលតាម រយៈកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យ២នាក់ ដែលមានភិន ភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើង ចូលទៅធ្វើសកម្មភាពគាស់ទ្វារបន្ទប់អូសទូរដែក ចេញមកមុខបន្ទប់ ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង។

ចំពោះករណីនេះជនរងគ្រោះ ជាតំណាងរោងចក្រមានឈ្មោះ លឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរប្រធានរដ្ឋបាលរោងចក្រ។ រីជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែល ៣០ជាងឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា បានគេចខ្លួនបាត់។

ករណីនេះ ត្រូវកម្លាំងជំនាញបច្ចេកទេសខេត្ត និងកម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវ តាមនីតិវិធី៕

(ប្រភព Fresh News)

You might also like More from author