ឃាតក​កាប់​សម្លាប់​ស្រ្តីមេម៉ាយ​កូន​២​នាក់ នៅ​ស្រុក​សំរោង ខេត្ត​តាកែវ ពេលនេះ​​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ

(តាកែវ)៖ ជនដៃដល់ក្នុងអំពើឃាតកម្មកាប់សម្លាប់ស្រ្តីមេម៉ាយកូន ២នាក់ នៅស្រុកសំរោង ខេត្តតាកែវ កាលពីម្សិលមិញ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ។ ជនសង្ស័យត្រូវបានកម្លាំង នគរបាលចាប់ខ្លួន នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សែម ហាក់ឡី អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅ ភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ ហឿង សុខុន អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីររស់នៅភូមិឃុំកើតហេតុ ពេលកំពុងជិះម៉ូតូទៅផ្សារ ត្រូវបានជនដៃដល់ លបកាប់ពីក្រោយ បណ្ដាលឲ្យ ហូរឈាមស្រោចពេញខ្លូន។ ក្រោយកាប់រួច ជនសង្ស័យបានជិះម៉ូតូរត់ ចេញទៅបាត់ស្រមោល។

ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលក្រោមការដឹកនាំបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ឃាត់ខ្លួន។ ពេលនេះជនសង្ស័យស្ថិតក្រោមការសួរនាំ ដើម្បីបញ្ជូន ទៅកាន់តុលាការចាត់ការតាមច្បាប់៕

(ប្រភព Fresh News)

You might also like More from author