កូនប្រុស​មាន​សតិមិន​ល្អ ដុត​ផ្ទះខ្លួន​ឯងឆេះ​អស់​ ឆេះទាំង​លុយ​ជិត​​២ម៉ឺន​ដុល្លារ​

(ព្រះសីហនុ)៖ កូនប្រុសមានសតិមិនសូវល្អ បានដុតផ្ទះខ្លួនឯងឆេះខ្ទេច ព្រមទាំងបាត់បង់អស់ថវិកាចំនួន ១៨៥០០ដុល្លារ ដែលត្រៀមធ្វើផ្ទះថ្មី ខណៈហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា យុវជនបង្កហេតុមានឈ្មោះ ធៀម ធារ៉ា ហៅ អួង អាយុ២២ឆ្នាំ បានដុតផ្ទះឪពុកខ្លួនឯង ឈ្មោះ ធៀម វី អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅខាងលើ។ មន្ត្រីនគរបាល រូបនោះ បានបញ្ជាក់ទៀតថា មូលហេតុបឋមថាបណ្តាល មកពីយុវជនរូបនេះ មើលទៅទំនងជាមានសតិ មិនសូវល្អ ហើយតែងតែខឹងរករឿងឪពុកម្តាយ។

សូមបញ្ជាក់ថា យុវជនបង្កហេតុខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឧកញ៉ាហេង បានឃាត់ខ្លួន នាំយកទៅសួរនាំ តាមនីតិវិធីច្បាប់៕

You might also like More from author