​ផ្សោត​១ក្បាល​ទម្ងន់​១១០​គីឡូក្រាម ជាប់​មងស្លាប់​នៅ​អន្លង់​កាំពី ខេត្ត​ក្រចេះ

(ក្រចេះ)៖ ជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលផ្សោតទន្លេមេគង្គមួយក្បាលទៀត បានស្លាប់នៅអន្លង់ ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសារជាប់មងត្រង់កន្ទុយ។ ផ្សោតនេះ មានទម្ងន់ ១១០គីឡូក្រាម និងមានប្រវែង ២.២៧ម៉ែត្រ

បើតាមលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ផ្សោតនេះប្រហែលជាស្លាប់ នៅថ្ងៃទី១១ ខែវិច្ឆិកា ហើយនៅថ្ងៃទី១២ ទើបអណ្ដែតឡើងលើផ្ទៃទឹកទន្លេ ខណៈនោះឆ្មាំទន្លេប្រចាំប៉ុស្តិ៍កាំពី ក៏ប្រទះឃើញតែម្ដង។ លោកប្រធានមន្ទីរបានបន្តថា វាមានទង្ងន់ប្រមាណ ១១០គីឡូក្រាម និងមានប្រវែង ២.២៧ម៉ែត្រ ហើយនៅពេលស្លាប់មានសភាពហើមធ្លាយពោះ។

បើតាមលោក ជួប រតនា មងដែលជាប់លើកន្ទុយផ្សោតនោះ គឺប្រហែលជាមងដែលរសាត់អណ្ដែត តាមទន្លេនៅពេលទឹកឡើង ដោយលោកអះអាងថា ប្រជាពលរដ្ឋនៅតំបន់នោះ ក៏មានការយល់ដឹងច្រើនដែរ អំពីការអភិរក្សសត្វផ្សោត និងអត្ថប្រយោជន៍នានារបស់ផ្សោត ដូច្នេះពួកគាត់មិនដាក់មងនៅតំបន់ ដែលមាន ផ្សោតរស់នៅឡើយ ប៉ុន្តែមូលហេតុច្បាស់លាស់យ៉ាងណានោះ គឺមិនទាន់ត្រូវបានសន្និដ្ឋាននៅឡើយទេ។

ពាក់ព័ន្ធការសោកស្ដាយនេះ លោក ជួប រតនា ក៏បានបង្ហាញព័ត៌មានបន្ថែមទៀតថា ចំនួនផ្សោតសរុបដែលបាន ចុះបញ្ជីនៅឆ្នាំ២០១៧ មានចំនួន ៩២ក្បាល ក្នុងនោះក្រចេះមានចន្លោះពី ៥៨-៦៣ក្បាល។

ដោយមានការបញ្ជាក់ពីអង្គការ WWF នៅឆ្នាំ២០១៩ សត្វផ្សោតទន្លេមេគង្គមានការកើនឡើងចំនួន ៩ក្បាលទៀត ក្នុងនោះនៅខេត្តក្រចេះកើនឡើងចំនួន ៥ក្បាល។ ប៉ុន្ដែមកដល់ពេលនេះ សត្វផ្សោតបានស្លាប់អស់៥ក្បាល ទៅហើយ ក្នុងនោះក្រចេះស្លាប់អស់ ៣ក្បាល បើគិតទាំងផ្សោតដែលទើបនឹងស្លាប់នេះ។

លោក ជួប រតនា បានបន្ថែមទៀតថា មន្ទីរទេសចរណ៍បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីខិតខំធ្វើយ៉ាង ណាបន្តកិច្ចការអភិរក្ស រៀបចំ និងផ្សព្វផ្សាយពីសក្តានុពលរបស់សត្វផ្សោតបន្ថែមទៀត ដោយគ្រោងនឹងរៀបចំ ឱ្យមានសារមន្ទីរផ្សោតមួយនៅខេត្តក្រចេះ បង្ហាញពីជីវសាស្ត្រ ការរស់នៅ ហានិភ័យ និងអត្ថប្រយោជន៍របស់ សត្វកម្រប្រភេទនេះ ផងដែរ៕

You might also like More from author