រដ្ឋាភិបាល​អង់គ្លេស ផ្ញើសារថ្លែង​អំណរគុណ​កម្ពុជា ក្នុង​ការ​ស្វែងរក​សាកសព​ជនជាតិ​អង់គ្លេស នាង «Amelia Bambridge» ​បាត់ខ្លួន​នៅ​កោះរ៉ុង

(ភ្នំពេញ)៖ រដ្ឋាភិបាលអង់គ្លេស បានផ្ញើសារថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកសាកសពនារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge ដែលបានបាត់ខ្លួននៅកោះរ៉ុង កន្លងទៅ។ នេះបើយោងតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News និង Khmertalking ទទួលបាននៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

យោងតាមលិខិតរបស់លោកស្រី Heather Wheeler MP រដ្ឋមន្ត្រីទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃចក្រភព អង់គ្លេស ដែលផ្ញើទៅលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងឡុងដ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីកិច្ចប្រជុំពិភាក្សារបស់ពួកយើង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ខ្ញុំសូមថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលរបស់លោកស្រី ដែលបានប្រើគ្រប់មធ្យោបាយក្នុងការ ស្វែងរកសាកសព ជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge»

បើតាមលិខិតដដែលនេះ បានបន្តថា «ខ្ញុំបានតាមដានករណីនោះយ៉ាងយកចិត្តទុកដាក់ និងសូមសម្តែងការដឹង គុណដល់ក្រុមការងាររុករក និងសង្គ្រោះបន្ទាន់ ដែលបានបំពេញភារកិច្ចអស់ពីលទ្ធភាព។ ខ្ញុំពិតជាយល់នូវការ លំបាករបស់អ្នកពាក់ព័ន្ធទាំងអស់ កាលពីសប្តាហ៍កន្លងទៅ បើទោះបីទទួលលទ្ធផលសោកនាដកម្មក្តី ខ្ញុំសូមទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ»

សូមរំឭកថា នារីជនជាតិអង់គ្លេសឈ្មោះ Amelia មានវ័យ២២ឆ្នាំ ដែលបានបាត់នៅកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង អណ្ដែតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមាន ចម្ងាយជាង ១០០គីឡូម៉ែត្រពីកោះរ៉ុង។ បន្ទាប់ពីការធ្វើកោសល្យវិច្ច័យ យ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ច ជំនាញបានរកឃើញថា នារីរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន មិនមែនជាករណីអ្វីផ្សេង នោះទេ។

មុនពេលបាត់ខ្លួន Amelia បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ និងទៅដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ គេបានប្រទះឃើញនារីរូបនោះលើក ចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach)៕

You might also like More from author