សម្តេចតេជោ ហ៊ុន សែន ចូលរួម​អបអរសាទរ​ខួប៣ឆ្នាំ នៃការដាក់​បញ្ចូល​ចាប៉ី​ដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ និង​អំពាវនាវ​ឲ្យ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបង្ហោះសារ ចូលរួមអបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យនៅគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង»

បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។
អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះ ឲ្យបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សូមបងប្អូនជនរួមជាតិ បន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង ឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕

You might also like More from author