កម្លាំង​នគរបាល​ចុះបង្ក្រាប​ទីតាំ​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល រឹបអូស​បាន​ស្ករ​ផលិត​រួច​ជាង ២តោន ខណៈម្ចាស់​ទីតាំង​ត្រូវហៅ​ទៅ​អប់រំ

(កណ្ដាល)៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៣ ស្ថិតនៅក្នុងភូមិដាច់ដោយឡែកពីគ្នា នៃស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លី សុជាតិស្នងការ រងនគរបាល សហការជាមួយសមត្ថកិច្ចស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបដោយរឹបអូសបានស្ករត្នោតក្លែងក្លាយ ផលិតរួចជាង ២តោន និងសម្ភារមួយចំនួនបំរើឲ្យការផលិតមួយចំនួនផ្សេងទៀត។

លោក លី សុជាតិ បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា ប្រតិបត្តិការនេះធ្វើឡើង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមលោកស្នងការរង ចំពោះម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំង ៣ទីតាំងខាងលើ ត្រូវបានហៅមកអប់រំ ធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបន្តទៀត។ ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយ កែច្នៃរួច ត្រូវបានយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកអង្គរស្នួល ដើម្បីបន្តនីតិវិធី។

ទីតាំងដែលបង្ក្រាបបានរួមមាន៖

*ទីតាំងទី១៖ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល
*ទីតាំងទី២៖ ឈ្មោះ ជឹម ជុន អាយុ៣៥ឆ្នាំ មានទីនៅភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល
*ទីតាំងទី៣៖ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សរុបទីតាំងទាំង៣ទីតាំង ដែលរូបបានរួមមាន៖

*ម៉ូទ័រកូរស្ករចំនួន ៥គ្រឿង
*ខ្ទះរំងាស់ស្ករចំនួន៦
*ស្ករសចំនួន ៤៥បាវ ស្មើនឹង ២២៥០គីឡូក្រាម
*ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន ៧៤ធុងស្មើនឹង ២២៥០គីឡូក្រាម។

បើតាមការខ្សឹបខ្សៀវថា ថៅកែដែលប្រមូលទិញ និងផ្ដល់ដើមទុននឹងការផលិតស្ករត្នោតក្លាយនេះ គឺនៅរាជធានីភ្នំពេញ ហើយគេយកមកចែកចាយនៅផ្សារធំៗជាច្រើនរួមមាន៖ ផ្សារដើមគរ ផ្សារសាមគ្គី ផ្សារច្បារអំពៅ ផ្សារអង្គស្នួល ផ្សារតាខ្មៅ និងផ្សារជាច្រើនផ្សេងទៀត ហើយថៅកែធំគឺនៅច្បារអំពៅ៕

You might also like More from author