បង្ក្រាបទីតាំង​ធ្វើ​ស្លាកលេខ​ក្លែងក្លាយ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន​មនុស្ស ៦នាក់ ដក​ហូត​ស្លាកលេខ​ជាច្រើន​សន្លឹក

(ភ្នំពេញ)៖ ទីតាំងលួចធ្វើស្លាកលេខក្លែងក្លាយ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនបានមនុស្ស ៦នាក់ និងដកហូតបានស្លាកលេខក្លែងក្លាយជាច្រើន ព្រមទាំងឧបករណ៍សម្រាប់ធ្វើស្លាកលេខមួយចំនួនទៀតផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបញ្ជាក់ថា ទីតាំងធ្វើស្លាកលេខក្លែងក្លាយនេះ បានបង្ក្រាបនៅកន្លែងផ្សេងគ្នាក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ក្រោយធ្វើការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩នាក់ និងស្លាកលេខក្លាយក្លែង មានទាំងស្លាកលេខធម្មតា, នគរបាល និងខេមរភូមិន្ទ ជាច្រើនសន្លឹក ព្រមទាំងកុំព្យូទ័រ ម៉ាស៉ីនសម្រាប់កាត់អក្សរផងដែរ។

លោកអធិការបានបន្ដទៀតថា បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
(ប្រភព Fresh News)

You might also like More from author