១យប់​គ្រោះថ្នាក់​ចរាចរណ៍​២ករណី នា ថ្ងៃទី០១ ខែថ្មី​ (ខែធ្នូ ) ឆ្នាំ២០១៩

(ភ្នំពេញ)៖ នៅយប់មិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នដោយ ខ្លួនឯងកើតឡើង២ករណី ក្នុងនោះមាន ស្រីស្អាតម្នាក់ បើករថយន្ត BENTLEY លឿនទៅបុករបាំងថ្មទ្រូង ផ្លូវក្រឡាប់ខូចខាតយ៉ាងដំណំ ចំណែកឯបុរសម្នាក់ទៀតបើករថយន្តចុះពីស្ពានអាកាសស្ទឹងមានជ័យ លឿនបួងចង្កូតមិនទាន់ទៅបុកបង្គោលភ្លើង។

ករណីទី១៖ នារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក BENTLEY លឿនទៅបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ដាច់កង់ម្ខាង រងការខូចខាតខ្ទេចយ៉ាងដំណំ។ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោងជាង១យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបក្ដាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BENTLEY BENTAYGA ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AY-5666 បើកបរដោយនារីរូបស្រស់សោភាម្នាក់ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្តុបក្ដាន់ពីរ ក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរបាំងថ្មពីរផ្ទាំង រងការខូចខាត និងរថយន្តដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតខ្ទេច មួយកំណាត់មុខយ៉ាងដំណំ។

ចំណែកឯនារីខាងលើបានជាប់ក្នុងរថយន្ត តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នា ជួយយកចេញមកក្រៅរងរបួស ស្រាល។ រីឯរថយន្តខាងលើបានហុយផ្សែងយ៉ាងខ្លាំង ក៏ត្រូវសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យបានចេញ រថយន្តមួយគ្រឿង ដើម្បីធ្វើការបាញ់ទឹកកុំឲ្យមានការឆាបឆេះផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋាន បានចុះមករួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តស៊េរីទំនើបខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

ករណីទី២៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប ចុះពីស្ពានអាកាសស្ទឹងមានជ័យលឿនបួងចង្កូតមិនទាន់ ទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តដាច់កង់ម្ខាង ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិត នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ CLA45 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-0008 បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមពីផ្លូវ២៧១ ចុះពីស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿនដោយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ចំពេញមួយទំហឹង បណ្ដាលឲ្យបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមករួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕

You might also like More from author