ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា ឧបត្ថម្ភ​រថយន្ត​ក្រុង ១៥​​គ្រឿង​ ក្នុង​គម្រោង​ដំណើរ​​ការ​​រថយន្ត​​ក្រុង​​សាធារណៈ​ ពី​​ក្រុង​​ប៉ោយ​ប៉ែត​ ឆ្ពោះ​ទៅ​​ស្រុក​​ម៉ាឡៃ

(ភ្នំពេញ)៖ ម្ចាស់ផលិតកម្ម Galaxy និង ជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានគាំទ្រយ៉ាងពេញទំហឹង ក្នុងគម្រោងដំណើរការរថយន្តក្រុងសាធារណៈលើកដំបូង នៅខេត្តបន្ទាយមានជ័យ ដែលនឹងដឹកអ្នកដំណើរពី ទីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ស្រុកម៉ាឡៃ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ការសម្រេចដាក់ឲ្យដំណើរការរថ្តយន្តក្រុង នៅខេត្តបន្ទាយមានជ័យជាលើកដំបូងនេះ គឺជាផ្នែកមួយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្រួលការ ធ្វើដំណើរ និងកាត់បន្ថយការចំណាយ ដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង។ តាមគម្រោងរថយន្ត ក្រុងសាធារណៈនេះ នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ដោយរត់ក្នុងរយៈពេល២០ នាទីម្តង។

លោកអភិបាលខេត្ត បន្តថា ជាមួយនឹងដំណើរការនេះផងដែរ គឺមានការគាំទ្រពីសំណាក់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយនឹងការឧបត្ថមរថយន្តក្រុងចំនួន ១៥គ្រឿង។ គម្រោងដំណើរការរថយន្តក្រុងសាធារណៈពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្រុកម៉ាឡៃ ទទួលបានការគាំទ្រទាំងស្រុកពីពលរដ្ឋក្នុងតំបន់នោះ។ ទោះបែបនេះក្តី លោក អភិបាលខេត្ត បានអំពាវនាវបន្ថែម ឲ្យពលរដ្ឋប្រើប្រាស់សេវ៉ារថយន្តក្រុងសាធារណៈទាំងអស់គ្នាផងដែរ។

គួរជម្រាបថា បន្ទាប់ពីដាក់ដំណើរការរថយន្តក្រុងសាធារណៈពីក្រុងប៉ោយប៉ែត ទៅកាន់ស្រុកម៉ាឡៃ នៅឆ្នាំ២០២០ ខាងមុខនេះ ជោគជ័យហើយនោះ អភិបាលខេត្តនឹងមានគម្រោងបន្ថែមទៀត ក្នុងដំណើរការដឹក អ្នកដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះមកក្រុងសិរីសោភ័ណ៕

You might also like More from author