សមត្ថកិច្ច​បញ្ជូន​ក្រុម​ផលិត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ក្លែង​ក្លាយ​ទៅ​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោស​តាម​ច្បាប់

(ភ្នំពេញ)៖ កម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៃស្នងការនគបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធ័បទល្មើស លួចផលិតស្លាកលេខ ម៉ូតូ រថយន្តក្លែងក្លាយ មានរហូតដល់ចំនួន៧ទីតាំង ដោយខុសច្បាប់ ប្រគល់ជូនតំណាងអយ្យការ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់។

លោកវរសេនីយឯក ទៀង ចន្ទ័ខន្តិសារ អធិការខណ្ឌដូនពេញ បានឱ្យ ដឹងថា ប្រតិបត្តការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាប់ពាក់ព័ន្ធ នឹងបទល្មើស ផលិតស្លាកលេខម៉ូតូ និងរថយន្តក្លែងក្លាយ។

លោកអធិការបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបបានសមត្ថកិច្ចខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូត ឈានដល់រកឃើញកន្លែងផលិតចំនួន៧ទីតាំងរួមមាន៖

ទី១៖ មាន ៣ទីតាំងស្ថិតនៅក្នុង សង្កាត់ផ្សារថ្មីទី៣ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងវត្ថុតាងជា ស្លាកលេខក្លែងក្លាយចំនួន ២២សន្លឹក (ស្លាកលេខស៊ីវិល១០បន្ទះ, ស្លាកលេខនគរបាលចំនួន៣បន្ទះ, ស្លាកលេខខេមរភូមិន្ទចំនួន០៥បន្ទះ, ស្លាកលេខរថយន្ដ០៣បន្ទះ, ស្លាកលេខអ្នកកាសែតចំនួន០១បន្ទះ), ម៉ាស៊ីនកុំព្យូទ័រចំនួន ២គ្រឿង, ម៉ាស៊ីនកាត់ស្ទីកគ័រចំនួន ២គ្រឿង, ថ្នាំកំប៉ុង ២៤កំប៉ុង, កន្ត្រៃកាត់ស័ង្ហសី ២ដើម, ដង្កាប់ចំនួន ២ដើម និងកន្ត្រៃតូចចំនួនន២ដើម។

ទី២៖ មាន ៣ទីតាំង ស្ថិតក្នុងសង្កាត់បឹងរាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន និងដកហូវត្ថុតាងជាស្លាកលេខ ក្លែងក្លាយចំនួន២០បន្ទះ (ស្លាករថយន្ដលេខស៊ីវិលចំនួន៣បន្ទះ, ស្លាកលេខរថយន្ដនគរបាលចំនួន៤បន្ទះ, ស្លាកលេខរថយន្ដខេរភូមិន្ទ២បន្ទះ, ស្លាកលេខម៉ូតូស៊ីវិលចំនួន៨បន្ទះ, ស្លាកលេខម៉ូតូនគរបាលចំនួន១បន្ទះ, ស្លាកលេខម៉ូតូខេរភូមិន្ទ ១បន្ទះ), កន្ត្រៃកាត់ស័ង្ហសីចំនួន១ដើម, ដែកឆាបចំនួន១ដើម និងថ្នាំពណ៌ចំនួន៦កំប៉ុង។

ទី៣៖ មាន១ទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង ស្លាកលេខ ក្លែងក្លាយចំនួន ៣៣ស្លាក ស្លាកលេខរថយន្ដស៊ីវិល ២១បន្ទះ, ស្លាកលេខរថយន្ដរដ្ឋ ២បន្ទះ, ស្លាកលេខរថយន្ដ ចង្កូតស្ដាំ ៣បន្ទះ, ស្លាកលេខម៉ូតូខេរភូមិន្ទ ៦បន្ទះ, ស្លាកលេខម៉ូតូស៊ីវិល ១បន្ទះ), កន្ត្រៃកាត់ស័ង្ហសីចំនួន ១ដើម, កូនសោរលេខ១៤ចំនួន ១ដើម, ម៉ាស៊ីនកាត់ស្ទីកគ័រ ១គ្រឿង, ម៉ាស៊ីនកុំព្យូទ័រចំនួន ១គ្រឿង, ថ្នាំពណ៌ចំនួន ១៥កំប៉ុង និងម៉ាស៊ីនដាប់ជ្រីចំនួន ១គ្រឿង។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយកសាងសំណុំត្រូវបានបញ្ចប់ សមត្ថកិច្ចរបស់លោកបានបញ្ជូន ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

(ប្រភព Fresh News)

You might also like More from author