ខេត្ត​ភាគ​ត្បូង​ថៃ​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់, លោក ប្រាយុទ្ធ ចេញ​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ទៅ​សង្គ្រោះ​ប្រជាជន

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះបានចេញបញ្ជាឲ្យទីភ្នាក់ងារ និងស្ថាប័នរដ្ឋទាំងឡាយដែលពាក់ព័ន្ធ ធ្វើការផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះទឹកជំនន់ នៅឯខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat) ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី ណារូម៉ុន ភីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានប្រាប់ក្រុមអ្នក សារព័ត៌មានថា លោក ប្រាយុទ្ធ បានទទួលដំណឹងហើយពីស្ថានភាពគ្រោះទឹកជំនន់នៅស្រុកចំនួន ១៣ នៃខេត្ត Narathiwat ជាទីដែលប្រជាជនថៃប្រមាណ ៤១,៣៦៩នាក់រងការប៉ះពាល់។ ទន្ទឹមគ្នានោះ លោកស្រី Narumon បាននិយាយថា ទឹកជំនន់ហាក់ក៏កំពុងចាប់ផ្តើមថមថយបន្តិចវិញ ហើយប្រសិនបើភ្លៀងលែងសូវធ្លាក់នោះ ស្ថានភាពអាចត្រឡប់ទៅដូចដើមវិញក្នុងរយៈពេល ៧-១០ថ្ងៃ។

យោងតាមលោក ថុងផ្លេវ កុងជូន (Thongplew Kongjun) អគ្គនាយកនៃនាយកដ្ឋានធារាសាស្រ្តថៃបានឲ្យដឹងថា ទឹកទន្លេ កូឡុក (Kolok), សៃបួរិ (Sai Buri) និង បាងណារ៉ា (Bang Nara) បានជន់ជោរឡើងខ្លាំង ហើយហៀរ ចេញទៅកាន់តំបន់ទំនាបៗ ដែលនៅក្បែរដងទន្លេទាំងនោះ។ លោក Thongplew បានបញ្ជាក់ថា លោកក៏បានបង្គាប់ឲ្យមានការប្រឹងប្រែងបូរទឹក ដែលជន់ចេញទៅកាន់ឈូងសមុទ្រថៃរួចហើយផងដែរ។

គួរជម្រាបថា សាលារៀន និងស្ថានីយប៉ូលិសដែលមានទីតាំងនៅទីទួល កំពុងត្រូវប្រើប្រាស់ជា ជម្រកស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះដោយទឹកជំនន់ ខណៈអាជ្ញាធរ និងអង្គការសប្បុរសធម៌ថៃ កំពុងជួយជម្លៀសជនរងគ្រោះទៅកាន់កន្លែងសុវត្ថិភាព ហើយផ្តល់ឲ្យពួកគេនូវស្បៀងអាហារ ទឹកស្អាត ព្រមទាំងសម្ភារៈចាំបាច់ដទៃទៀត៕

You might also like More from author