លោក Yusuke Shinoda បង្ហាញ​អារម្មណ៍​រីករាយ ចំពោះ​ការ​ផ្លាស់​ទៅ​កីឡដ្ឋាន SRU

(ភ្នំពេញ)៖ អ្នកចាត់ការជនជាតិជប៉ុន Yusuke Shinoda បានអះអាងថា ទោះបីផ្លាស់ប្ដូរទឹកដីពីកីឡដ្ឋានស្វាយធំទៅទីតាំងថ្មីមែន ប៉ុន្តែក្លឹបរបស់លោកមិនផ្លាស់ប្ដូរវត្ថុបំណងទេ ពោលគឺនៅតែព្យាយាមបំផុសអ្នកគាំទ្រឲ្យកាន់តែច្រើន និងរួមចំណែកលើកស្ទួយបាល់កម្ពុជា។

លោក Yusuke Shinoda ដែលកំពុងដឹកនាំក្លឹបបាល់ទាត់អង្គរថាយហ្គឺរបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការផ្លាស់ទៅកីឡដ្ឋាន SRU សម្រាប់រដូវកាលថ្មីឆ្នាំ២០២០ ព្រោះមើលឃើញថាជាទីតាំងដ៏ល្អដែលអាចជួយក្លឹបរបស់លោកអភិវឌ្ឍបានមួយកម្រិតទៀត។

ថ្នាក់ដឹកនាំដដែលអះអាងមិនបារម្ភពីបញ្ហាសម្របនៅទីលានថ្មីនេះឡើយ ព្រោះជឿជាក់ថា កីឡាករខ្លួននឹងសុំាបន្តិចម្ដងៗ ហើយអាចធ្វើបានល្អថែមទៀត។

លោកថា «ជាបឋម យើងសូមអរគុណដល់កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)។ ប្រសិនបើពួកគេមិនស្វាគមន៍យើងទេ ប្រហែលមិនមានថាយហ្គឺរដូចបច្ចុប្បន្ន ហើយអ្នកខេត្តនេះក៏ទំនងមិនបានដឹងច្រើនដែរ។ វាជាអនុស្សាវរីយ៍ដ៏អស្ចារ្យ។

ទោះជាយ៉ាងណា «យើងក៏ត្រូវវិវឌ្ឍខ្លួនឡើងមួយកម្រិតទៀតដែរ។ កីឡដ្ឋាន SRU ពិតជាកីឡដ្ឋានមួយដ៏ល្អ ហើយអ្នករាល់គ្នាសង្ឃឹមថា ក្លឹបយើងនឹងលេងកាន់តែល្អ ហើយកើនកម្រិតថែមទៀត។ ទោះយើងដូរទឹកដីមែន តែយើងនៅតែព្យាយាមទាក់ទាញអ្នកគាំទ្រកុះករដដែល ហើយយើងរួមចំណែកជ្រោមជ្រែងដល់បាល់ទាត់កម្ពុជា និងខេត្តសៀមរាប។ យើងពិតជារីករាយចំពោះការផ្លាស់ប្ដូរនេះណាស់»

សូមបញ្ជាក់ថា មុនផ្លាស់ទៅកាន់កីឡដ្ឋានថ្មី SRU លើកិច្ចសន្យា ៣ឆ្នាំនេះ អង្គរថាយហ្គឺរបានចំណាយពេល ៣រដូវកាលបោះទីតាំងនៅកីឡដ្ឋានស្វាយធំ ពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩៕

You might also like More from author