«Socfin Cambodia» បញ្ចប់​គម្រោង​ជួយ​កែ​លម្អ មណ្ឌល​សុខភាព​សាធារណៈ ប៊ូស្រា នៅ​ខេត្ត​មណ្ឌលគិរី

(មណ្ឌលគិរី)៖ ក្រុមហ៊ុន Socfin Cambodia បានធ្វើការប្រកាសនៅថ្ងៃនេះថា ខ្លួនបានបញ្ចប់គម្រោងរយៈពេលមួយខែរបស់ខ្លួនរួចទៅហើយ ដែលគម្រោងនោះ គឺផ្ដោតជាសំខាន់ទៅលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាពសាធារណៈ នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាអាចផ្ដល់សេវាសុខាភិបាលឱ្យបានកាន់តែល្អប្រសើរជូន សហគមន៍ ក្នុងមូលដ្ឋានដែលមានប្រជាជនរស់នៅប្រមាណជាង ៦,៧៥០ នាក់។

គម្រោងនេះផ្ដោតជាសំខាន់ទៅលើការងារកែលម្អមណ្ឌលសុខភាពសាធារណៈប៊ូស្រា ហើយ គម្រោងនេះផងដែរ គឺទទួលបានជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទាំងស្រុងពីក្រុមហ៊ុន Socfin Cambodiaដែលជា ក្រុមហ៊ុនកសិកម្មគ្រប់គ្រងដោយជនជាតិអឺរ៉ុបដែលគ្រប់គ្រងលើចម្ការកៅស៊ូចំនួនពីរនៅក្នុងខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនបានវិនិយោគជាទឹកប្រាក់ចំនួនជាង១១,០០០ដុល្លារសម្រាប់គម្រោងនេះ។

ការងារទាំងនេះរួមមានដូចជា ការធ្វើស្ពានថ្មីឆ្លងទៅមណ្ឌលសុខភាពកែលម្អប្រព័ន្ធលូបង្ហូរទឹកពីមាត់ផ្លូវទៅមណ្ឌលសុខភាព និងចាក់ផ្លូវបតុងនៅក្នុងបរិវេណខាងមុខមណ្ឌលសុខភាព។ ការកែលម្អ
ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនក្នុងការធ្វើដំណើរពេលរដូ វ វស្សា ព្រមទាំងកាត់បន្ថយការហុយដីផ្សេងៗក្នុងអំឡុងពេលរដូវប្រាំងផងដែរ ពោលគឺធ្វើយ៉ាងណា ពង្រឹងភាពស្អាត និងអនាម័យនៅក្នុងមណ្ឌលសុខភាពទាំងមូលតែម្ដង។ ការងារនេះ ត្រូវបានអនុវត្ត ឡើងក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈ និងផ្ដល់ភាពងាយស្រួល ក៏ដូចជាផ្ដល់ទំទុកចិត្ត ដល់ប្រជាជនរស់នៅក្នុងសហគមន៍ក្នុងការប្រើប្រាស់ សេវាសុខាភិបាលព្រមទាំងកែលម្អស្ថានភាពការងារប្រចាំថ្ងៃរបស់មន្ត្រីក្នុងមណ្ឌលសុខភាពផងដែរ។

លោក ឆាង គុណ ប្រធានមណ្ឌលសុខភាពសាធារណៈប៊ូស្រា បានរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលមួយចំនួន ដើម្បីបង្ហាញអំពីលទ្ធផលការងារ កែលម្អដែលបានអនុវត្តរួចរាល់ នៅក្នុងមណ្ឌលសុខភាពនាពេលកន្លងមកនេះ ហើយក្នុងកម្មវិធីនោះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាន តំណាងមន្ទីរសុខាភិបាលខេត្តមណ្ឌល គិរី តំណាងសហគមន៍ក្នុងមូលដ្ឋាន បុគ្គលិកមណ្ឌលសុខភាព និងតំណាងក្រុមហ៊ុន សុកហ្វីន កម្ពុជា ផងដែរ។ ក្នុងអំឡុងពេលនៃកម្មវិធីសម្ពោធនោះ អ្នកចូលរួមក៏ទទួលបានឱកាសក្នុងការស្វែងយល់អំពី សកម្មភាពដែលបានអនុវត្ត និងពិភាក្សាបន្ថែមទៀតអំពីគម្រោងអភិវឌ្ឍន៍ក្នុងឃុំនាពេលអនាគតទៀតផង។

ក្រុមហ៊ុន Socfin Cambodia និង មណ្ឌលសុខភាពប៊ូស្រា រួមទាំង មន្ត្រីក្នុងមូលដ្ឋានផ្សេងទៀត នឹងបន្ត ខិតខំធ្វើការងារជាមួយគ្នា ដើម្បីធានាថាសហគមន៍នេះអាចទទួលបានសេវាល្អបំផុតតាមដែលអាច ធ្វើទៅបាន។

លោក Jef Boedt អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Socfin Cambodia មានប្រសាសន៍ថា «ចាប់តាំងពីពេលចាប់ផ្ដើមសកម្មភាពដំបូងនៅក្នុងឃុំប៊ូស្រា ក្រុមហ៊ុន Socfin Cambodia បានខិតខំប្រឹងប្រែងជួយគាំទ្រ ទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីធ្វើយ៉ាងណា បង្កើតឱ្យមាន សេវាសង្គមនានាប្រកបដោយគុណភាព ដូចជាសេវាសុខាភិបាល និងអប់រំ ជាដើម»

លោកបានបន្តទៀតថា «វិស័យសុខាភិបាលបានក្លាយទៅជាបញ្ហាចម្បង សម្រាប់សហគមន៍នៅតាមតំបន់ជនបទ ហើយបញ្ហានេះ ក៏ជាការប្ដេជ្ញាចិត្តដ៏សំខាន់មួយរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់មន្ទីរសុខាភិបាលសាធារណៈ ដែលជាស្ថាបន័ផ្ដល់សេវាសាធារណៈដល់សហគមន៍ទាំងមូលផងដែរ។ ការចែករំលែកគុណតម្លៃ ដែលយើងបានបង្កើតឡើងជាមួយនឹងឃុំប៊ូស្រា ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំមួយនេះ គឺ ជាគុណតម្លៃស្នូលរបស់យើង ហើយយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ ប្រកបដោយផ្លែផ្ការវាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផងដែរ»

ក្រុមហ៊ុន Socfin Cambodia និងមណ្ឌលសុខភាពសាធារណៈប៊ូស្រារួមទាំងមន្រ្តីមូលដ្ឋានដទៃទៀត នឹងបន្តធ្វើការជាមួយគ្នាដើម្បីធានាថា សហគមន៍ទទួលបានសេវាកម្មល្អបំផុត៕

You might also like More from author