បន្ដ​នាំ​យក​ថវិកា​ប្រគល់​ជូន​គ្រួសារ​សព​ជន​រង​គ្រោះម្នាក់​នៅ​ខេត្ត​កណ្ដាល ដែល​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុ​បាក់​រលំ​អគារ​នៅ​កែប

(កណ្ដាល)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានបន្ដនាំយកថវិកា ដែលទទួលបានពីការបរិច្ចាកពីសប្បុរសជនទៅផ្តល់ជូនគ្រួសារសពម្នាក់ នៅស្រុកស្អាង ខេត្តកណ្ដាល ដែលរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវ ដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលល្ងាចពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

គ្រួសារសពខាងលើនេះ ស្លាប់ប្ដីនៅរស់ប្រពន្ធដោយមានកូន២នាក់ជាកូនភ្លោះ ខណៈស្ត្រីជាប្រពន្ធនោះមានផ្ទៃពោះ៥ខែផងដែរ។

គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕

(ប្រភព Fresh News)

You might also like More from author