ក្រោយ​ការ​រិះគន់ អាជ្ញាធរធានា​ថា​ នឹង​ធ្វើ​ឲ្យ​វាល​ស្មៅ​នៅ​អង្គរវត្តមាន​សោភ័ណភាព​បៃតង​គ្រប់​រដូវ

(សៀមរាប)៖ ដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់កែលម្អបរិស្ថានជាបណ្ដើរៗហើយ ដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវ និងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើម្បីឲ្យវាលស្មៅនោះពោរពេញដោយពណ៌បៃតងខួបប្រាំងខួបវស្សា។

ការធានាចំពោះការងារនេះ កើតឡើងក្រោយមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចំពោះទិដ្ឋភាពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្តដែលកំពុងក្រៀមស្ងួតចែស។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយកិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២០។

លើសពីនេះទៀត អាជ្ញាធរជាតិអប្សរានឹងរៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យសាកសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។

លោកបានបន្តថា ជាក់ស្ដែងនេះ ក្រុមការងារកំពុងតែកាត់មែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូងជាដើម។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ គឺដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល៕

You might also like More from author