យន្ដហោះ​ដ្រូន​ដែល​ធ្លាក់​នៅ​ខេត្ត​កោះកុង ត្រូវ​កាត់​ជា​កំណាត់ រួច​បញ្ជូន​មក​ក្រសួង​ការពារជាតិ ដើម្បី​ពិនិត្យ និង​ស្រាវ​ជ្រាវ​បន្ដ

(កោះកុង)៖ ករណីយន្ដហោះដ្រូនមួយគ្រឿង ធ្លាក់នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញ នៃអង្គភាពពាក់ព័ន្ធ សម្រេចកាត់ជាកំណាត់ៗបញ្ជូនមកអគ្គបញ្ជាការ ក្រសួងការពារជាតិ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវបន្ដអំពីប្រភពយន្ដហោះដ្រូននេះ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដែលទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កាលពីព្រឹកមិញ ក្រុមជំនាញរបស់អង្គភាព CMAC បានចុះទៅពិនិត្យយន្ដហោះដ្រូននេះ ហើយជាលទ្ធផលរកមិនឃើញមានសារធាតុផ្ទុះនោះឡើយ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយ CMAC ពិនិត្យចប់សព្វគ្រប់ ក្រុមការងារ នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ បានសម្រេចកាត់ដ្រូននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ព ដើម្បីពិនិត្យ និងវិភាគបន្តទៀត។

សូមជម្រាបថា ករណីយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

You might also like More from author