រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម ៣ចំណុច ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម​ខាង​មុខ​នេះ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបំរាមចំនួន៣ចំណុច ដែលមិនឲ្យប្រជាពលរដ្ឋប្រព្រឹត្តនោះឡើយ ក្នុងន័យរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ រួមមាន៖

*មិនឲ្យមានការដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
*មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៉ីសង
*រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

អភិបាលរាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជាចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឹងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រូច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ៕

You might also like More from author