ស្គាល់អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង ដែល​បាញ់​សម្លាប់ DJ ម្នាក់​ នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវកម្លាំងសមត្ថកិច្ចកំណត់បាន ហើយព្រះរាជអាជ្ញា ក៏បានចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។ នេះបើតាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា កែវ សុធាប្រាប់នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ដីកាបញ្ជាឲ្យចូលខ្លួនបានបង្ហាញថា ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទឃាតកម្ម។

សូមរំលឹកថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរអ្នកចាក់ភ្លេង (DJ)។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារលើខ្លួនជនរងគ្រោះរួមមាន៖ កាបូបសម្រាប់ដាក់លុយ ចំនួន០១, លុយដុល្លារ ចំនួន៨៥ដុល្លារ, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរ ចំនួន០១សន្លឹក, កាតATM ចំនួន០២សន្លឹក, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាក Honda PCX ចំនួន០១គ្រឿង, កងដៃ និងនាឡិកាមួយ ហើយបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាល​រដ្ឋបាលសង្កាត់បឹងរាំង ដើម្បីរក្សាទុក៕

You might also like More from author