រដ្ឋមន្រ្តី​សុខាភិបាល ចុះ​ពិនិត្យ​ផ្ទាល់​សកម្មភាព​បង្ការ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី នៅ​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានចុះពិនិត្យផ្ទាល់នូវសកម្មភាពបង្ការជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈដែលជំងឺនេះ កំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងឆ្លងដល់ប្រទេសមួយចំនួនទៀត។

ដោយសារជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) នៅតែមានរាតត្បាតនៅប្រទេសចិន កាលពីយប់មិញនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ និងជាពិសេសអ្នកដំណើរដែលមានគម្រោងទៅកាន់ ឬត្រឡប់មកពីខេត្តដែលកំពុងកើតជំងឺនេះនៅប្រទេសចិន ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ ក្នុងការការពារសុខភាពពីការឆ្លងជំងឺនេះ។ ជាពិសេស នារដូវបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខែ្មរប្រពៃណីជាតិខាងមុខដោយសារវីរុសនេះមានលក្ខណៈអាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។

ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ជំងឺនេះត្រូវបានរកឃើញចំនួន ២២២ករណី ក្នុងនោះមាននៅប្រទេសចិនចំនួន២១៨ករណី នៅទីក្រុងបាងកក ប្រទេសថៃមាន ២ករណី (ជាករណីនាំចូល) និងប្រទេសកូរ៉េខាងត្បូង មាន១ករណី ដែលជាករណីនាំចូល។

ជំងឺនេះ បានបណ្តាលឱ្យមនុស្សស្លាប់៤នាក់នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ ជំងឺនេះបានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយក៏បានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។

ក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។

ក្នុងនោះមានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ៕

You might also like More from author