រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​ប្រកាស ការ​បង្កា​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី

(ភ្នំពេញ)៖ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី បានបណ្តាលឱ្យមនុស្សស្លាប់៤នាក់នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ ជំងឺនេះបានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយក៏បានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។

ទោះជាបច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺខាងលើកើតឡើងទៀតក៏ដោយ ក៏បុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើ នារដូវបុណ្យចូលឆ្នាំចិន ខាងមុខនេះដោយ៖

  • គួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។
  • ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។
  • ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។
  • ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។
  • អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។
  • បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺ ត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។

ប្រសិនបើសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថ្លែងថា «ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចកើតមានជាយថាហេតុ ដូច្នេះសូមក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចនៅទីកន្លែងដែលដឹងថា មានជំងឺបាននិងកំពុងកើតមានឬកំពុងផ្ទុះរាតត្បាត»

លើសពីនោះ ប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី លោកអ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈ ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវជម្រាបជូនមន្ត្រីសុខាភិបាល អំពីប្រវត្ដិជំងឺ និងប្រវត្តិនៃការធ្វើដំណើរ៕

You might also like More from author