សិស្សវិទ្យាល័យ ហ៊ុន សែន កែវសីមា ក្នុង​​ខេត្តមណ្ឌលគីរី​ចំនួន​១០នាក់ បាន​ដួលសន្លប់​ជាបន្តបន្ទាប់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​ថប់ដង្ហើម

(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបញ្ជាក់ប្រាប់ ឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ មានសិស្សវិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតនៅភូមិអូមអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំនួន១០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបន្ថែមទៀតថា ភ្លាមៗ លោកបានដឹកនាំកម្លាំង ជួយសង្គ្រោះក្មេងទាំងនេះ បញ្ជូនទៅមន្ទីរពេទ្យរួចអស់ហើយ និងបានត្រៀមរៀបចំក្មេងទាំងនេះ យកទៅមន្ទីរពេទ្យខេត្ដបន្ដទៀត ដោយសារក្មេងទាំងនេះ មានការថប់ដង្ហើមដួលសន្លប់។ ខណៈឥលូវនេះ បានធូរស្រាលនៅក្នុងមន្ទីរពេទ្យ បានចំនួន៥នាក់ និង៥នាក់ទៀត នៅសភាពដួលសន្លប់នៅឡើយ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានសិស្សវិទ្យាល័យក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រមាណ៤០នាក់ បានដួលសន្លប់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ក៏បានរៀបចំវេទិកាផ្សព្វផ្សាយ ការការពារសុខភាព អាហារហូបចុកដល់អាណាព្យាបាល និងសិស្ស ដើម្បីឲ្យបានស្វែងយល់ និងចូលរួមទាំងអស់គ្នា កាត់បន្ថយហេតុការណ៍នេះ៕
(ប្រភព ​Fresh News)

You might also like More from author